បន្ទាប់ពីរយៈពេលប្រាំបួនខែនៃសកម្មភាពយោធារបស់អ៊ីស្រាអែល ដែលបានបំផ្លិចបំផ្លាញប្រព័ន្ធសុខភាពរបស់ប៉ាឡេស្ទីន ក្រុមបុព្វជិតបានប្រែក្លាយព្រះវិហារសាសនាគ្រិស្ដ សេន ហ្វីលីបស៍ (St. Philip's) ដែលធ្លាប់បានផ្តល់នូវជម្រកនៃការលះបង់បែបសាសនាដល់សហគមន៍គ្រិស្តសាសនិកនៅហ្កាហ្សា ទៅជាមន្ទីរពេទ្យ។

គ្រែជាច្រើនសម្រាប់អ្នកជំងឺត្រូវបានរៀបជាប់ជញ្ជាំងព្រះវិហារ ខណៈក្រុមគ្រូពេទ្យ រកវិធានការជំនួសសម្រាប់អ្នកជំងឺដែលមិនអាចស្វែងរកកន្លែងទំនេរនៅមន្ទីរពេទ្យសល់ផ្សេងទៀតរបស់តំបន់ហ្កាហ្សា ដែលកំពុងមានតម្រូវការខ្ពស់ និងទទួលអ្នលជំងឺលែងបានដោយសារកង្វះខាត។

បុព្វជិត ម៉ុនធឺ អាយសាក (Munther Isaac) បាននិយាយថា «កន្លែងដែលធ្លាប់ជាទីតាំងអធិស្ឋានត្រូវបានបំប្លែងទៅជាគ្លីនីក ដោយសារមន្ទីរពេទ្យមិនមានកន្លែងទំនេរ។ ដោយសារតែកង្វះខាងគ្រឿងផ្គត់ផ្គង់ យើងប្រើប្រាស់កៅអីអង្គុយអធិស្ឋានជាគ្រែសម្រាប់អ្នកជំងឺ និងរបួស»។

ចំនួនអ្នករបួសដ៏ច្រើនពីជម្លោះបានបន្ថែមទៅលើបន្ទុកដ៏ច្រើនសន្ធឹកសន្ធាប់ និងកង្វះអាហារូបត្ថម្ភក្នុងចំណោម ៩០ ភាគរយនៃអ្នកស្រុកហ្កាហ្សា ដែលអង្គការសហប្រជាជាតិនិយាយថា បានបាត់បង់ផ្ទះសម្បែង ដោយដាក់ការសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធសុខភាពរបស់តំបន់ហ៊ុមព័ទ្ធនោះ៕