
យន្តហោះចម្បាំងនៃក្រុមចម្រុះអាមេរិក-អង់គ្លេស បានបើកការវាយប្រហារតាមអាកាសចំនួនបីលើកប្រឆាំងនឹងគោលដៅហ៊ួទី នៅក្នុងខេត្តហូដេដា(Hodeidah) សមុទ្រក្រហមរបស់ប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ួទី និងសាក្សី។
ទូរទស្សន៍ al-Masirah បានរាយការណ៍ថា ការវាយប្រហារទាំងនោះ បានត្រូវចំស្រុក Alluhayah ភាគ ពាយ័ព្យ និងស្រុក Bayt al-Faqih ភាគខាងត្បូង ក្នុងខេត្តនេះ។ អ្នកស្រុក បាននិយាយថា ការវាយប្រហារនោះ បានត្រូវចំគោលដៅយោធាចល័តរបស់ក្រុមហ៊ួទីផងដែរ។
ក្រុមចម្រុះអាមេរិក-អង់គ្លេស មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការវាយប្រហារនេះនៅឡើយទេ។ កាលពីថ្ងៃពុធ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបំផ្លាញទីតាំងរ៉ាដាចំនួនពីរ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទី និងនាវាគ្មានមនុស្សបើកចំនួនពីរគ្រឿងរបស់ក្រុម ហ៊ួទី នៅក្នុងសមុទ្រក្រហម។
ក្រុមហ៊ួទីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែន បានចាប់ផ្តើម នៅក្នុងខែវិច្ឆិកាឆ្នាំមុន ដើម្បីបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូនបំពាក់ដោយអាវុធ ទៅលើអ្វីដែលពួកគេ និយាយថាជានាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីន ដែលរងការវាយប្រហារដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។
