
កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចាប់ផ្តើមការវាយប្រហារតាមអាកាសលើប្រទេសលីបង់ បន្ទាប់ពីក្រុមហេសបូឡានៅប្រទេសនេះ បានបាញ់រ៉ុក្កែតយ៉ាងហោចណាស់ចំនួន ១៧៥ គ្រាប់ មីស៊ីលនិងយានដ្រូន ទៅកាន់ភាគខាងជើងអ៊ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហារតាមអាកាស ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ហេសបូឡាម្នាក់។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែត ១៦០គ្រាប់ និងមីស៊ីល ព្រមទាំងយានដ្រូនចំនួន ១៥ ឲគ្រឿង ត្រូវបានបាញ់ទៅលើអ៊ីស្រាអែលភាគខាងជើង។
កងកម្លាំងការពារ បាននិយាយថា៖«មីស៊ីលជាច្រើនគ្រាប់ និងគោលដៅអាកាសគួរឲ្យសង្ស័យ បានឆ្លងកាត់ពីប្រទេសលីបង់ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល» ដោយបន្ថែមថា ប្រព័ន្ធការពារដែនអាកាស Array របស់ខ្លួន និងកងកម្លាំងអាកាសអ៊ីស្រាអែល «បានប្រតិបត្តិការ ដើម្បីស្ទាក់ចាប់ពួកវា និងស្ទាក់ចាប់បានគោលដៅ និងមីស៊ីលជាច្រើនគ្រាប់ ដោយជោគជ័យ»។
កងទ័ព បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ យានដ្រូនមួយចំនួនដែលបានផ្ទុះ និងបំណែករបស់ពួកវាបណ្តាលមកពីការស្ទាក់ចាប់នោះ បានធ្លាក់ទៅលើតំបន់ជាច្រើន ដោយបង្កឲ្យមានអគ្គិភ័យឆាបឆេះ។
សេចក្តីថ្លែងការណ៍របស់កងទ័ព បានឲ្យដឹងថា៖«បច្ចុប្បន្ននេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងធ្វើការវាយប្រហារទៅលើគោលដៅមួយចំនួន នៅប្រទេសលីបង់ភាគខាងត្បូង»។
