
សារព័ត៌មាន CNN បានរាយការណ៍ដោយដកស្រង់ប្រភពពីអ៊ីស្រាអែលថា អ៊ីស្រាអ៊ែល និងចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស ហាក់ដូចជាជិតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីបហើយ។
យោងតាមរបាយការណ៍នេះ អ៊ីស្រាអែល និងក្រុមហាម៉ាស «ហាក់ដូចកាន់តែជិតសម្រេចបាននូវកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ»។
ប្រភពអ៊ីស្រាអែលមួយ បាននិយាយថា ការឆ្លើយតបចុងក្រោយបំផុតរបស់ក្រុមហាម៉ាស នឹងអាចធ្វើឲ្យ ភាគីទាំងពីរ ចូលទៅក្នុង«ការចរចាលម្អិត» ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ។ សារព័ត៌មាន CNN បានគូសបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងសេវាចារកម្ម Mossad របស់អ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធថា ពួកគេ បានទទួលការឆ្លើយតបពីក្រុមហាម៉ាសទាក់ទងនឹងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ ហើយការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះកិច្ចព្រមព្រៀងឥឡូវនេះ កំពុងដំណើរការហើយ។
