
ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា បុរសវ័យ ៦៧ឆ្នាំ ដែលបានចាក់មេដឹកនាំគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង គឺគណបក្សប្រជាធិបតេយ្យ កាលពីខែមករា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ នៅថ្ងៃសុក្រ (ទី៥ ខែកក្កដា) នេះ។
បើយោងតាមរបាយការណ៍របស់សារព័ត៌មាន Yonhap នោះ បានឲ្យដឹងថា ក្នុងសវនាការកាត់ទោស នៅតុលាការតំបន់ Busan ចៅក្រមមួយរូបបាននិយាយថា ឧក្រិដ្ឋកម្មដែលបានកើតឡើងនៅមុនការបោះឆ្នោតសកល គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងជាការប៉ុនប៉ងបំផ្លាញនិមិត្តរូបលទ្ធិប្រជាធិបតេយ្យ។ រដ្ឋអាជ្ញាបានស្វែងរកការកាត់ទោសឲ្យជាប់គុក ២០ឆ្នាំ សម្រាប់ជនដៃដល់ដែលសារព័ត៌មាន Yonhap បានដាក់ឈ្មោះថា លោក Kim ប៉ុន្តែមិនបានបញ្ចេញនាមត្រកូលរបស់គាត់នោះទេ។
គួរបញ្ជាក់ថា លោក Lee Jae-myung ដែលទើបនឹងលាលែងពីតំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ត្រូវបានចាក់ចំកញ្ចឹងក ខណៈពេលដែលលោកទៅទស្សនាទីក្រុង Busan ភាគខាងត្បូង កាលពីខែមករា។
ខ្សែវីដេអូបង្ហាញឲ្យខើញបុរសម្នាក់ពាក់មកុដក្រដាសដែលមានឈ្មោះលោក Lee នៅលើក្បាល បានដើរមកជិតមេដឹកនាំរូបនោះ ហើយសុំហត្ថលេខា មុននឹងវាយប្រហារ ដោយចាក់ចំករបស់លោក។ ប្រធានាធិបតី លោក Yoon Suk-yeol និងអ្នកនយោបាយមកពីទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានថ្កោលការវាយប្រហារនោះថា ជា «អំពើភេរវកម្ម« និងជាបញ្ហាប្រឈមចំពោះលទ្ធិប្រជាធិបតេយ្យ៕