
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងនឹងទីក្រុងប៊ែរឡាំងជុំវិញការធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាបញ្ហានយោបាយ និងការបង្កើតឧបសគ្គសិប្បនិម្មិតចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និង អាល្លឺម៉ង់។
អ្នកស្រី បាននិយាយថា៖«ប្រទេសចិនប្រឆាំងនឹងការបង្វែរកិច្ចសហប្រតិបត្តិការអាជីវកម្មធម្មតាទៅជាបញ្ហានយោបាយ និងសន្តិសុខ និងបង្កើតឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការបែបនេះ។ យើងសង្ឃឹមថាប្រទេសអាល្លឺម៉ង់ នឹងផ្តល់នូវបរិយាកាសធុរកិច្ចប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងគ្មានការរើសអើងសម្រាប់បណ្តាក្រុមហ៊ុនមកពីប្រទេសចិន និងកន្លែងផ្សេងទៀត ក្នុងពិភពលោក»។
លោក Mao Ning បានសង្កត់ធ្ងន់ថា ប្រទេសចិន និងអាល្លឺម៉ង់ គឺជា «ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ គ្នាទៅវិញទៅមក»។ អ្នកស្រី បានបន្ថែមថា ប្រទេសទាំងពីរ គួរតែ «បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុងស្មារតីនៃផលប្រយោជន៍ទៅវិញទៅមក និងស្របតាមច្បាប់ទីផ្សារ ដែលបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ»។
មុននេះ ទីភ្នាក់ងារសារព័ត៌មាន DPA បានរាយការណ៍ដោយដកស្រង់សម្តីរបស់អនុប្រធាន និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការការពារអាកាសធាតុនៃប្រទេសអាល្លឺម៉ង់ លោក Robert Habeck ថា ថ្នាក់ដឹកនាំអាល្លឺម៉ង់ បានហាមឃាត់ការលក់ការផលិតទួរប៊ីនឧស្ម័ន ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាល្លឺម៉ង់ MAN Energy Solutions ទៅឲ្យក្រុមហ៊ុនចិន CSIC Longjiang ។ យោងតាមទីភ្នាក់ងារព័ត៌មាននេះ ការផលិតនេះ ទាក់ទងនឹងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹងសុវត្ថិភាពសាធារណៈ ដែលត្រូវតែការពារពីការលេចធ្លាយព័ត៌មានដែលអាចកើតមាន។