
លោក Keir Starmer នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេសជាមួយនឹងគណបក្សការងារឆ្វេងនិយមកណ្តាលរបស់គាត់ដែលរំពឹងថា នឹងឈ្នះសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសភា ដោយបញ្ចប់រយៈពេល ១៤ឆ្នាំនៃរដ្ឋាភិបាលអភិរក្សនិយម ដែលមានភាពច្របូកច្របល់ ដោយការទម្លាក់គណបក្សរបស់លោក រីស៊ី ស៊ុណាក់ (Rishi Sunak)។
ពាក់ព័ន្ធនឹងការបោះឆ្នោតនៅចក្រភពអង់គ្លេសនេះ មេដឹកនាំខ្លះនៅក្នុងពិភពលោក បានបង្ហាញទស្សនៈដូចខាងក្រោម៖
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ANTHONY ALBANESE ប្រាប់អ្នកសារព័ត៌មាន៖«យើងមានទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីររបស់យើង ហើយលោក Keir Starmer និង លោក ស្រី Angela Rayner និងអ្នកផ្សេងទៀតជាច្រើនដែលខ្ញុំធ្លាប់ស្គាល់ នៅក្នុងគណបក្សការងាររបស់ចក្រភពអង់គ្លេស ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការធ្វើការជាមួយពួកគេ។ ពួកគេមានទស្សនៈស្រដៀងគ្នាខ្លាំងណាស់។ ចំពោះពួកយើង លើបញ្ហាជាច្រើន ខ្ញុំប្រាកដថា យើងនឹងធ្វើការយ៉ាងជិតស្និទ្ធលើកិច្ចព្រមព្រៀង AUKUS ដែលជាកន្លែងដែលយើង បានធ្វើការយ៉ាងជិតស្និទ្ធផងដែរជាមួយនឹងរដ្ឋាភិបាលមុន»។
នាយករដ្ឋមន្ត្រីកាណាដា លោក JUSTIN TRUDEAU បាននិយាយនៅលើបណ្តាញសង្គមXថា៖«សូមអបអរសាទរ លោក Keir_Starmer ចំពោះជ័យជម្នះជាប្រវត្តិសាស្ត្រនៃការបោះឆ្នោត នៅចក្រភពអង់គ្លេស។ ការងារជាច្រើននៅខាងមុខ ដើម្បីកសាងអនាគតកាន់តែរីកចម្រើន និងយុត្តិធម៌សម្រាប់ប្រជាជននៅសងខាងនៃមហាសមុទ្រអាត្លង់ទិក។
ចំណែកនាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ លោក CHRISTOPHER LUXON ក៏បាននិយាយនៅលើបណ្តាញសង្គមX ថា៖«សូមអបអរសាទរ លោកKeir_Starmer ចំពោះជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក។ ប្រទេសនូវែលសេឡង់ និងចក្រភពអង់គ្លេស គឺជាមិត្តដ៏អស្ចារ្យ ហើយអាចធ្វើអ្វីៗ បានច្រើនជាមួយគ្នា។ ខ្ញុំទន្ទឹងរង់ចាំធ្វើការគ្រប់ឱកាសជាមួយគ្នាក្នុងនាមជានាយករដ្ឋមន្រ្តី។ សូមអរគុណ លោក Rishi Sunak សម្រាប់សេវាកម្មរបស់អ្នក ដើម្បីជាតិ និងមិត្តភាពរបស់អ្នកចំពោះប្រទេសនូវែលសេឡង់»។