មេបញ្ជាការកងទ័ពជើងទឹកអ៊ុយក្រែន បាននិយាយថា កងនាវានៅសមុទ្រខ្មៅរបស់កងទ័ពជើងទឹករុស្ស៊ី ត្រូវបានបង្ខំឱ្យផ្លាស់ប្តូរមូលដ្ឋាន ស្ទើរតែគ្រប់នាវាចម្បាំងដែលត្រៀមប្រយុទ្ធរបស់ខ្លួនពីតំបន់កាន់កាប់គ្រីម៉េ ទៅកាន់ទីតាំងផ្សេងៗទៀត ហើយមជ្ឈមណ្ឌលកងទ័ពជើងទឹកសំខាន់របស់ខ្លួន កំពុងគ្មានប្រសិទ្ធភាព ដោយសារតែការវាយលុកដោយទីក្រុងគីវ។
ឧត្តមនាវីទោ លោក Oleksiy Neizhpapa បាននិយាយថា ការវាយលុកដោយមីស៊ីល និងយានដ្រូនរបស់កងទ័ពជើងទឹកអ៊ុយក្រែន បានបង្កការខូចខាតធ្ងន់ធ្ងរដល់មូលដ្ឋាននៅទីក្រុង Sevastopol ជាមជ្ឈមណ្ឌលដឹកជញ្ជូនសម្រាប់ ការជួសជុល ថែទាំ ហ្វឹកហាត់ និងផ្ទុកគ្រាប់រំសេវ ក្នុងចំណោមតួនាទីសំខាន់ៗផ្សេងទៀត របស់រុស្ស៊ី។
រយៈពេលជាង២៨ ខែ ចាប់តាំងពីការវាយលុកពេញបន្ទុករបស់រុស្ស៊ី ទីក្រុងគីវបានព្យាយាមវាយបកយ៉ាងសន្ធាប់ទៅលើទីក្រុងមូស្គូនៅសមុទ្រខ្មៅ ទោះបីជាកងកម្លាំងថ្មើរជើងអ៊ុយក្រែនរងការវាយបកខ្លាំងក្លានៅសមរភូមិដ៏ល្វឹងល្វើយក៏ដោយ។
អ៊ុយក្រែន ដែលពុំមាននាវាចម្បាំងធំៗ បានប្រើប្រាស់ទូកកងទ័ពជើងទឹក ដែលគ្មាននាវិក ផ្ទុកទៅដោយគ្រឿងផ្ទុះដើម្បីកំណត់គោលដៅលើនាវារុស្ស៊ី ហើយបានវាយលុកទីតាំងរបស់កងនាវា និងគោលដៅយោធាផ្សេងទៀត នៅឧបទ្វីបគ្រីម៉េ ដោយមីស៊ីល Storm Shadow និង មីស៊ីល ATACM។