រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានជួបសមភាគីចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃព្រហស្បតិ៍ នៅប្រទេសកាហ្សាក់ស្ថាន ជាទីដែលលោកទាំងពីរ បានយល់ព្រមបង្កើនកិច្ចចរចា ដើម្បីដោះស្រាយបញ្ហា នៅតាមព្រំដែនរបស់ពួកគេ។
ប្រទេសឥណ្ឌា និងចិនមានព្រំដែនហិមាល័យដ៏វែង ដែលភាគច្រើនមិនទាន់បានកំណត់ត្រឹមត្រូវ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពរង្គោះរង្គើ ចាប់តាំងពីមានការប្រឈមមុខដាក់គ្នាខាងយោធា ក្នុងខែកក្កដា ឆ្នាំ ២០២០ នៅពេលដែលទាហានឥណ្ឌាយ៉ាងហោចណាស់ ២០នាក់ និងទាហានចិន ៤នាក់ ត្រូវបានសម្លាប់។
ប្រទេសឥណ្ឌា បាននិយាយថា លោក Jaishankar បានជួបលោក វ៉ាង នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ នៅទីក្រុង Astana ជាកន្លែងដែលពួកគេ បានយល់ស្របថា៖«ការអូសបន្លាយនៃស្ថានភាពបច្ចុប្បន្ន នៅក្នុងតំបន់ព្រំដែនមិនមែនជាផលប្រយោជន៍របស់ភាគីណាមួយឡើយ»។
ក្រសួងការបរទេសឥណ្ឌា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកទាំងពីរ បានយល់ព្រមបង្កើនកិច្ចប្រជុំរវាងមន្ត្រីការទូត និងយោធារបស់ពួកគេ «ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ឲ្យ បានឆាប់បំផុត»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានដកស្រង់សម្តីលោក វ៉ាង ដែលបាននិយាយក្នុងអំឡុងពេលកិច្ចពិភាក្សានេះថា ប្រទេសចិន និងឥណ្ឌា គួរតែដោះស្រាយការខ្វែងគំនិតរបស់ពួកគេឲ្យបានត្រឹមត្រូវ និងធានាឲ្យទំនាក់ទំនងរីកចម្រើននៅលើផ្លូវស្ថិរភាពមួយ។