ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករាបានបើកវេទិកាសាធារណៈ ភូមិសង្កាត់ មានសុវត្ថិភាព ដែលមានប្រជាពលរដ្ឋមកចូលរួម៥៤នាក់ មកពី ៩ភូមិ ក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
កម្មវិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់អូឬស្សីទី២ តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ក្នុងវេទិកាសាធារណៈ ភូមិសង្កាត់ មានសុវត្ថភាព។
តាមរយៈវេទិកានេះដែរ មានប្រជាពលរដ្ឋ ដែលបានចូលរួមបានលើកឡើងនូវ បញ្ហានិងទុកកង្វល់ និងសំណូមពរ ដោយផ្ទាល់មាត់ ដើម្បីឲ្យរដ្ឋបាលខណ្ឌ ធ្វើការឆ្លើយតប ដោះស្រាយ ពិសេស បញ្ហាប្រឈម មួយចំនួន ដូចជា បញ្ហាអនាម័យបរិស្ថាន សំរាម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ ភ្លើងបំភ្លឺសាធារណៈ ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំថ្ងៃរបស់ពួកគាត់។
សូមបញ្ជាក់ផងដែរ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរឬស្សីទី២ ក្នុងឪកាសវេទិកាសាធារណៈនេះដែរ ក៏បានធ្វើការផ្សព្វផ្សាយ ពីផលប៉ះពាល់គ្រឿងញៀនដល់ពលរដ្ឋដឹងថា យើងទាំងអស់គ្នា សូមនិយាយថា «ទេ» ចំពោះគ្រឿងញៀន , ចូលរួមលុបបំបាត់គ្រឿងញៀន, ការសេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម, ត្រូវចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន, រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន។
ក្រោយទទួលបានសំណូមពរនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ លោកអភិបាលរង ទទួលនូវសំណូមពរ និងរកដំណោះស្រាយជូនពលរដ្ឋ ផងដែរ៕
អត្ថបទ៖ កុម្ភះ





