ក្រុមអាជ្ញាធរ និយាយថា ក្រុមការអាពារស៊ីវិលអ៊ីតាលី បានបង្កើនកម្រិតអាសន្នសម្រាប់ការកម្រើករបស់ភ្នំភ្លើង Stromboli ដល់កម្រិតពណ៌ក្រហម ហើយនិងបង្កើតដំណាក់កាលជូនដំណឹងជាមុន បន្ទាប់ពីការសកម្មភាពកើនឡើងរបស់ភ្នំភ្លើង ។
រូបភាពវីដេអូឃ្លីបចេញដោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអ៊ីតាលី ឃើញផេះ និងធូលី ហូរចេញពីមាត់ភ្នំភ្លើងដល់មាត់សមុទ្រ និងហូរចូលសមុទ្រចម្ងាយរាប់រយម៉ែត្រ ។
ទន្ទឹមនឹងពេលនោះដែរ ការកម្រើកកាន់តែខ្លាំងផងដែររបស់ភ្នំភ្លើង Etna ស្ថិតលើកោះ Sicily ជាហេតុបង្ខំឲ្យក្រុមអាជ្ញាធរក្នុងស្រុក បិទបណ្តោះអាសន្នអាកាសយានដ្ឋាននៅទីក្រុង Catania ។
ភ្នំភ្លើង Etna និងភ្នំភ្លើង Stromboli គឺជាភ្នំភ្លើងកម្រើកខ្លាំងបំផុត ដោយសារតែសមាសភាពកម្លាំងម៉ាក់ម៉ារបស់ពួកវា ។
ភ្នំភ្លើង Etna កម្ពស់ ៣.៣៣០ម៉ែត្រ ដែលជាភ្នំភ្លើងរស់ខ្ពស់បំផុតរបស់អឺរ៉ុប ត្រូវបានគេជឿថា មានប្រវត្តិផ្ទុះយូរយារជាងគេបំផុតនៅក្នុងចំណោមភ្នំភ្លើងទាំងអស់ ពោលគឺវាធ្លាប់បានផ្ទុះតាំងពីឆ្នាំ ៤២៥មុនគ.ស មកម្ល៉េះ ៕