តំបន់គោលដៅទេសចរណ៍ដ៏សំខាន់ៗរបស់ម៉ិកស៊ិក ស្ថិតក្រោមការប្រកាសអាសន្នកម្រិតពណ៌ក្រហម ពេលដែលព្យុះសង្ឃរាកម្រិតទី ៣ Beryl ត្រូវបានគេរំពឹងថា នឹងបោកបក់ជិតមកដល់ដីគោក ។
មន្ទីរព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក(NHC) និយាយថា ព្យុះ Beryl ដែលបោកបក់ក្នុងល្បឿន ១១៥គ.ម ក្នុង១ម៉ោង ស្ថិតនៅតាមផ្លូវឆ្ពោះទៅកាន់តំបន់ឆ្នេរភាគខាងកើតឧបទ្វីប Yucatan ហើយពួកគេបានព្រមានពីការកញ្ជ្រោលឡើងរបស់ព្យុះ និងរលកសមុទ្រធំៗដ៏គ្រោះថ្នាក់នៅយប់នេះ ។
រយៈពេលជាច្រើនម៉ោង មុនការបោកបក់ដល់ដីគោករបស់ព្យុះ Beryl ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារទីក្រុង Playa del Carmen ។
NHC រាយការណ៍ថា ព្យុះដើមរដូវ Beryl បច្ចុប្បន្នស្ថិតនៅចម្ងាយប្រហែល ១៤០គ.មភាគខាងកើតតំបន់ឆ្នេរ Tulum របស់ម៉ិកស៊ិក ហើយការព្រមានពីព្យុះសង្ឃរា ត្រូវបានប្រកាសនៅតាមតំបន់ឆ្នេរឧបទ្វីប Yucatan ចាប់ពីតំបន់ Puerto Costa Maya រហូតដល់តំបន់ Cancun និងតំបន់ Cozumel ៕