នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban នៅថ្ងៃសុក្រ (ទី៥ ខែកក្កដា) នេះ បាននិយាយថា លោកមិនមានតួនាទី ក្នុងកិច្ចចរចា រវាងអ៊ុយក្រែន និងរុស្ស៊ីនោះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ក្នុងថ្ងៃនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
លោក Orban ដែលជាអ្នករិះគន់ដល់ការផ្ដល់ជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន និងដែលមានទំនាក់ទំនងយ៉ាងកក់ក្តៅបំផុតជាមួយលោក Putin ជាងមេដឹកនាំសហភាពអឺរ៉ុប (EU) រូបណាទាំងអស់នោះ បាននិយាយថា ទោះជាបច្ចុប្បន្ន ហុងគ្រីកាន់តំណែងជាប្រធានាធិបតីប្តូរវេនរបស់ប្លុកនេះក៏ដោយ ក៏តួនាទីនេះមិនបានផ្តល់ឲ្យរូបលោកនូវសិទ្ធិអំណាច ដើម្បីបើកការចរចា តំណាងឲ្យប្លុកនោះទេ។
ដោយមិនបានប្រាប់ថា តើរូបលោកនឹងធ្វើដំណើរទៅទីក្រុងមូស្គូ នាពេលក្រោយដែរ ឬអត់នោះ ក្នុងបទសម្ភាសន៍ជាប្រចាំតាមវិទ្យុរបស់លោក នាព្រឹកថ្ងៃសុក្រនេះ លោក Orban បាននិយាយថា៖ «ខ្ញុំមិនត្រូវការសិទ្ធិអំណាចនេះទេ ខណៈដែលខ្ញុំមិនបានតំណាងឲ្យអ្វីទាំងអស់»។
លោកបានបន្ថែមថា៖ «គ្រប់យ៉ាងដែលខ្ញុំត្រូវធ្វើ គឺទៅកន្លែងដែលមានសង្រ្គាម ឬហានិភ័យពីសង្រ្គាម ដែលគំរាមកំហែងដល់ EU និងហុងគ្រី ឬដែលមានផលវិបាកអវិជ្ជមានលើទីកន្លែងទាំងនោះ ហើយចោទជាសំណួរឡើង»។
គួរបញ្ជាក់ថា បន្ទាប់ពីមានការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) អំពីដំណើរទស្សនកិច្ចរបស់លោក Orban លោក Charles Michel ប្រធានក្រុមប្រឹក្សានៃមេដឹកនាំ EU បានឲ្យដឹងតាមរយៈបណ្ដាញសង្គមថា «ប្រធានប្ដូរវេន EU មិនមានសិទ្ធិអំណាចពាក់ព័ន្ធជាមួយរុស្ស៊ី តំណាងឲ្យសហភាពអឺរ៉ុបនោះឡើយ»៕