
លោក Keir Starmer បានថ្លែងសុន្ទកថាជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេសនៅឯវិមាន Downing Street ។
ដើរចូលវិមាន Downing Street ជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្រ្តីលោក Keir បានស្វាគមន៍ក្រុមអ្នកគាំទ្រគណបក្សការងារដែលគ្រវីទង់ជាតិសហភាព វែលស៍ និងស្កុតលែន មុនពេលថ្លែងសុន្ទរកថានៅមុខវិមាន Downing Street ។
លោកបាននិយាយប្រាប់ក្រុមអ្នកគាំទ្រនៅក្រៅវិមាន Downing Street ថា ខ្ញុំទើបត្រឡប់ពីព្រះបរមរាជវាំង Buckingham Palace ជាទីដែលខ្ញុំទទួលបានការអញ្ជើញពីព្រះមហាក្សត្រ ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់របស់ប្រទេសដ៏អស្ចារ្យមួយនេះ ។
លោក Starmer និយាយថា ការងាររបស់ពួកយើងបន្ទាន់ ហើយពួកយើងនឹងចាប់ផ្តើមធ្វើនៅថ្ងៃនេះ ។ លោកថា ភាពនឿយណាយនៅក្នុងចិត្តរបស់ជាតិ គឺជាការលែងមានក្តីសង្ឃឹម ស្មារតី ជំនឿសម្រាប់អនាគតល្អប្រសើរ ។ របួសមួយនេះ កង្វះខាតទំនុកចិត្តមួយនេះ អាចព្យាបាលបានដោយសកម្មភាព មិនមែនដោយពាក្យសម្តីនោះទេ ។ ខ្ញុំដឹង ប៉ុន្តែពួកយើងអាចចាប់ផ្តើមនៅថ្ងៃនេះ សេវាកម្មសាធារណរដ្ឋ គឺជាឯកសិទ្ធិ ។ ចំពោះអ្នកដែលមិនបានបោះឆ្នោតឲ្យគណបក្សការងារ លោក Starmer សូមប្រាប់ទៅអ្នកបោះឆ្នោតវិញថា រដ្ឋាភិបាលរបស់ខ្ញុំនឹងបម្រើអ្នក ។

លោក Starmer បន្តទៀតថា នយោបាយអាចជាកម្លាំងសម្រាប់សេចក្តីល្អ ពួកយើងនឹងបង្ហាញវា ។ លោកថា បើសិនជាខ្ញុំសួរអ្នកឥឡូវថាតើអ្នកជឿថាអង់គ្លេសនឹងល្អជាងមុនសម្រាប់កូនៗរបស់អ្នកដែរឬទេ ខ្ញុំដឹងច្បាស់ថាភាគច្រើននៃអ្នករាល់គ្នានឹងនិយាយថា អត់ទេ ដូច្នេះហើយរដ្ឋាភិបាលរបស់ខ្ញុំ នឹងប្រយុទ្ធរហូតដល់អ្នកជឿម្តងទៀត ។ លោក Starmer សូមបញ្ជើញអ្នកទាំងអស់គ្នា ចូលរួមបម្រើរដ្ឋាភិបាល ក្នុងបេសកកម្មបង្កើតជាតិថ្មី ។
លោក Starmer បានថ្លែងអំណរគុណផងដែរដល់នាយករដ្ឋមន្រ្តីចាកចេញពីតំណែងលោក Rishi Sunak និងបានទទួលស្គាល់សមិទ្ធិផលរបស់គាត់ ក្នុងនាមជាមេដឹកនាំកូនកាត់អង់គ្លេស-អាស៊ីលើកដំបូងគេរបស់ចក្រភពអង់គ្លេស ៕
