
ក្រុមមន្រ្តី និយាយថា រោងចក្របន្សាបទឹកប្រៃគ្រប់គ្រងដោយអារ៉ាប់រួម ស្ថិតនៅទីក្រុង Rafah ប្រទេសអេហ្ស៊ីប នឹងផ្តល់ទឹកស្អាតដល់តំបន់ហ្កាហ្សាស្រ្ទីប ។
អំឡុងដំណើរទស្សនកិច្ចរៀបចំឡើងដោយរដ្ឋាភិបាលអេហ្ស៊ីប ក្រុមអ្នកសារព័ត៌មាន ត្រូវបានគេអនុញ្ញាតឲ្យចូលក្នុងរោងចក្រ ដែលស្ថិតនៅជិតព្រំដែនអេហ្ស៊ីប ជាប់តំបន់ហ្កាហ្សា ។
គម្រោងនេះ រួមមានអណ្តូងតំបន់ឆ្នេរចំនួន ១២ កន្លែង ដែលទាញទឹកប្រៃពីសមុទ្រ បន្ទាប់មកបូមចូលរោងចក្របន្សាបទឹកប្រៃ ។
លោក Khalid al-Naqbi គឺជាវីស្វករមួយរូបនៅរោងចក្របន្សាបទឹកប្រៃ និយាយថា ទឹកស្អាតត្រូវបានបូមឆ្លងកាត់បំពង់បង្ហូរទឹកប្រវែង ៣.២០០ម៉ែត្រ ចូលទៅក្នុងប្រព័ន្ធទឹកនៅទីក្រុង Rafah ។

លោក Khalid និយាយដែរថា ទឹកស្អាតលើកដំបូងដែលបានបូមចូលតំបន់ហ្កាហ្សាស្រ្ទីប គឺនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ ហើយបរិមាណទឹកដែលបានបូមមកទល់នឹងពេលនេះ មានចំនួន ១៣០លានហ្គាឡុង ។
រយៈពេល ជាង ៨ខែនៃសង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ក្រុមមន្រ្តីជំនួយនិយាយថា ដែនដីបិទច្រកមួយនេះ ស្ថិតនៅក្នុងហានិភ័យខ្ពស់នៃគ្រោះទុរ្ភិក្ស ក្នុងនោះមនុស្សជិតកន្លះលាននាក់ ប្រឈមនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ៕