បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានសំរេចក្នុងការបញ្ចេញខ្សែការពារ Brandon Williams ទៅកាន់ Norwich City ខ្ចីពេញ ១រដូវកាលនេះ។ តំណែងរបស់កីឡាករវ័យ ២០ឆ្នាំរូបនេះមិនស្ថិតស្ថេរឡើយនៅ Old Trafford នៅពីក្រោយកីឡាករអង់គ្លេស Luke Shaw ស្របពេល Alex Telles ដែលរបួសក៏ជាវិញហើយដែរ។

Brandon Williams នឹងក្លាយជាកីឡាករទី ១០ ដែលផ្លាស់ទៅកាន់ Norwich City បន្ទាប់ពី Billy Gilmour ខ្ចីពី Chelsea, Christos Tzolis ផ្ទេរពី PAOK, Angus Gunn ផ្ទេរពី Southampton, Ben Gibson ផ្ទេរពី Burnley, Josh Sargent និង Milot Rashica ផ្ទេរពី Werder Bremen។ បច្ចុប្បន្ន Norwich មានខ្សែការពារស្តាំគឺ Max Aarons ខណៈ Brandon Williams ដែលលេងបានទាំងពីរតំណែងឆ្វេង និងស្តាំនោះនឹងប្រជែងតំណែងខ្សែការពារឆ្វេងជាមួយកីឡាករក្រិក Dimitris Giannoulis។ រំលឹកថា Brandon Williams បានឡើងមកលេងក្រុមធំ Manchester United កាលពី ២រដូវកាលមុន និងបង្ហាញខ្លួនសរុបបាន ៥០លើក ហើយទើបតែបានចុះហត្ថលេខាបន្តកិច្ចសន្យា ៤ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ