
ក្រសួងការបរទេសចិន និយាយនៅថ្ងៃសុក្រនេះ ទីក្រុងប៉េកាំងសង្ឃឹមថា ទំនាក់ទំនងចិន-អង់គ្លេស នឹងដើរលើមាគ៌ាត្រូវ និងផ្អែកលើការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ក្រោយគណបក្សការងារចក្រភពអង់គ្លេស ដណ្តើមបានអំណាច ។
អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង អ្នកស្រី Mao Ning គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា វានឹងអំណោយផលផងដែរដល់កិច្ចខិតខំរួមគ្នា ក្នុងការលើកឡើងការងារប្រឈមសកលលោក និងលើកកម្ពស់សន្តិភាពពិភពលោក ហើយនិងការអភិវឌ្ឍ ។ គួរឲ្យដឹងថា គណបក្សការងារឆ្វេងនិយមកណ្តាលរបស់លោក Keir Starmer បានឈ្នះសំឡេងភាគច្រើននៅក្នុងសភាមាន ៦៥០អាសនៈ ក្នុងនោះគណបក្សអភិរក្សនិយមរបស់លោក Rishi Sunak ទទួលរងបរាជ័យដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់គណបក្សរបស់ខ្លួន ស្របពេលដែលក្រុមអ្នកបោះឆ្នោត បានស្តីបន្ទោសពួកគេរឿងការចំណាយច្រើនលើជីវិតរស់នៅប្រចាំថ្ងៃ ការខកខានសេវាកម្មសាធារណៈ ហើយនិងរឿងអាស្រូវជាច្រើនទៀត ។

ការស្ទង់មតិកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា លោក Starmer នឹងក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេសដោយគណបក្សការងាររបស់លោកអាចនឹងឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភា ។
គណបក្សការងាររបស់លោក Starmer កំពុងឈានទៅរកការដណ្តើមបានអាសនៈ ៤១០ ក្នុងចំណោមអាសនៈសរុបនៅក្នុងសភាចំនួន៦៥០ ដែលជាលទ្ធផលផ្ទុយគ្នាដ៏គួរឱ្យភ្ញាក់ផ្អើលខុសពីរយៈពេល៥ ឆ្នាំមុន នៅពេលដែលគណបក្សមួយនេះ បានបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ ១៩៣៥ រហូតមក ៕