
មេបញ្ជាការកងទ័ពជើងទឹកអ៊ុយក្រែន និយាយថា កងនាវាសមុទ្រខ្មៅរបស់កងទ័ពជើងទឹករុស្ស៊ី បានបង្ខំប្តូរមូលដ្ឋាននាវាចម្បាំងស្ទើទាំងអស់របស់ពួកគេ ចេញពីតំបន់កាន់កាប់គ្រីមៀ ទៅកាន់ទីតាំងផ្សេងទៀត ហើយមូលដ្ឋានកងទ័ពជើងទឹកសំខាន់របស់ពួកគេ លែងមានប្រសិទ្ធិភាពទៀតហើយ ដោយសារការវាយប្រហាររបស់ទីក្រុងគីវ ។
លោកឧត្តមនាវីឯក Oleksiy Neizhpapa បាននិយាយថា ការវាយប្រហារដោយមីស៊ីន និងយានដ្រូនអ៊ុយក្រែន បណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅមូលដ្ឋានកងទ័ពជើងទឹក Sevastopol មជ្ឈមណ្ឌលភស្តុភារសម្រាប់ជួសជុល ថែទាំ ហ្វឹកហាត់ ហើយនិងឃ្លាំងស្តុកគ្រាប់រំសេវ ក៏ដូចជាទីតាំងសំខាន់ៗផ្សេងទៀតរបស់រុស្ស៊ី ។

លោក Neizhpapa និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍ដ៏កម្រមួយនៅទីក្រុងកំពង់ផែ Odesa មុនទិវាកងទ័ពជើងទឹកអ៊ុយក្រែននៅថ្ងៃអាទិត្យថា មូលដ្ឋានទ័ពនេះ ត្រូវបានបង្កើតឡើងអស់រយៈពេលច្រើនទសវត្សរ៍មកហើយ ឬអាចរយៈពេលរាប់សតវត្សរ៍ ហើយឥឡូវនេះ ច្បាប់ណាស់ថា ពួកគេបានបាត់បង់វាទៅហើយ ។
រយៈពេលជាង ២៨ខែ ចាប់តាំងពីការវាយលុកទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន ទីក្រុងគីវ បានព្យាយាមទប់ទល់យ៉ាងខ្លាំងជាមួយទីក្រុងម៉ូស្គូនៅក្នុងសមុទ្រខ្មៅ បើទោះបីជាទាហានជើងគោកអ៊ុយក្រែន ឈរជើងនៅខ្សែត្រៀមមុខក៏ដោយ ៕