
ប្រមុខយោធារបស់ហ្វីលីពីន បានប្រាប់ឲ្យដឹងថា ប្រទេសរបស់ខ្លួនបានបដិសេធការផ្តល់ជូនពីសហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រតិបត្តិការ នៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីផ្ទុះឡើងនូវការប៉ះទង្គិចជាមួយប្រទេសចិន ជុំវិញបេសកកម្មផ្ដល់សម្ភារផ្គត់ផ្គង់ដល់កងទ័ពហ្វីលីពីន នៅតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ។
គួរបញ្ជាក់ថា ភាពតានតឹង នៅក្នុងផ្លូវទឹកដែលមានជម្លោះនេះ បានរាលដាលទៅជាអំពើហឹង្សា ក្នុងឆ្នាំកន្លងទៅ ហើយនាវិកហ្វីលីពីនម្នាក់បានដាច់ម្រាមដៃ នៅក្នុងការប៉ះទង្គិចគ្នាចុងក្រោយបង្អស់ កាលពីថ្ងៃទី១៧ ខែមិថុនា ដែលទីក្រុងម៉ានីល បានពិពណ៌នាថា ជា «ការវាយប្រហារយ៉ាងកំរោលដោយចេតនា» ពីសំណាក់ឆ្មាំល្បាតឆ្នេរចិន។
ប្រមុខកងកម្លាំងប្រដាប់អាវុធ លោកឧត្តមសេនីយ៍ Romeo Brawner កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) បានប្រាប់សារព័ត៌មានថា សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត បានស្នើផ្តល់ការគាំទ្រ ប៉ុន្តែទីក្រុងម៉ានីលចង់គ្រប់គ្រងប្រតិបត្តិការដោយខ្លួនឯងច្រើនជាង។

លោក Brawner បានប្រាប់ថា៖ «ពិតមែនហើយ ពួកគេបានស្នើផ្ដល់ជំនួយ ហើយពួកគេបានសួរយើងថា តើពួកគេអាចជួយយើងតាមមធ្យោបាយណា។ យើងត្រូវព្យាយាមឲ្យអស់ជម្រើសតាមដែលអាចធ្វើទៅបាន មុនពេលយើងសុំជំនួយ»។
ទីក្រុងម៉ានីល និងវ៉ាស៊ីនតោនត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក (MDT) ឆ្នាំ១៩៥១ ជាកតិកាសញ្ញាយោធាដែលអាចត្រូវបានយកមកប្រើនៅក្នុងករណីមានការវាយប្រហារប្រដាប់អាវុធលើកងកម្លាំងហ្វីលីពីន នាវាសាធារណៈ ឬយន្តហោះ នៅសមុទ្រចិនខាងត្បូង។
ការប្រឈមមុខដាក់គ្នា រវាងហ្វីលីពីន និងចិននៅក្នុងដែនទឹកដែលមានភាពចម្រូងចម្រាស់បំផុត នៅអាស៊ីបានរីកធំឡើងជាញឹកញយ កាលពីឆ្នាំមុន ខណៈដែលទីក្រុងប៉េកាំង បានជំរុញការទាមទាររបស់ខ្លួនចំពោះផ្លូវទឹកនេះ ហើយទីក្រុងម៉ានីលបានបន្តបេសកកម្មផ្ដល់សម្ភារផ្គត់ផ្គង់ដល់ទាហានដែលរស់នៅឈរជើងលើនាវាចម្បាំងចាស់ទ្រុឌទ្រោមច្រែះចាប់ដែលត្រូវបានចតចោល នៅតំបន់ថ្មប៉ប្រះទឹកប្រទាញប្រទង់គ្នា៕
