
ចៅក្រមអេស្ប៉ាញ បានពន្យារពេលសវនាការ ក្នុងសំណុំរឿងរបស់លោកស្រី Begona Gomez ដែលជាភរិយារបស់នាយករដ្ឋមន្ត្រី លោក Pedro Sanchez រយៈពេលត្រឹមតែ ២សប្តាហ៍ បន្ទាប់ពីមេធាវីការពារក្តីរបស់លោកស្រី នៅថ្ងៃសុក្រ (ទី៥ ខែកក្កដា) នេះ បាននិយាយថា លោកស្រីមិនបានទទួលការជូនដំណឹងត្រឹមត្រូវ អំពីបណ្តឹងផ្សេងទៀត ប្រឆាំងនឹងលោកស្រី ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទពុករលួយ និងការប្រើឥទ្ធិពលក្នុងជំនួញ។
សូមរំលឹកថា ការស៊ើបអង្កេតដ៏ល្បីល្បាញមួយ ជុំវិញថា តើលោកស្រី Gomez បានប្រើតួនាទីរបស់ខ្លួន ក្នុងនាមជាភរិយារបស់នាយករដ្ឋមន្ត្រី ដើម្បីមានឥទ្ធិពលលើជំនួញរបស់លោកស្រីនោះ បាននាំឲ្យលោក Sanchez ពិចារណាលាលែងពីតំណែងក្នុងខែមេសា ចំពេលមានការតវ៉ាពីក្រុមប្រឆាំង។

ជនជាប់ចោទ លោកស្រី Gomez បានបង្ហាញខ្លួនសម្រាប់សវនាការ នៅវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៨ ម៉ោងសកល) ប៉ុន្តែបន្ទាប់ពីផ្តល់សក្ខីកម្មមិនដល់ ៤៥នាទីផង ចៅក្រមលោក Juan Carlos Peinado បានផ្តល់ការយល់ព្រមតាមញ្ញត្តិពីមេធាវីរបស់លោកស្រី ដើម្បីពន្យារពេលរហូតដល់ថ្ងៃទី១៩ ខែកក្កដា៕