
អ្នកបោះឆ្នោតបារាំងកំពុងប្រឈមមុខនឹងអនាគតនយោបាយមិនច្បាស់លាស់ ខណៈដែលពួកគេធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតសភាជុំទី២ នាថ្ងៃអាទិត្យ (ទី៧ កក្កដា) ដោយគណបក្សឈានមុនគេ គឺក្រុមស្ដាំនិយមជ្រុល មិនទាន់ប្រាកដក្នុងការទទួលបានអាសនៈរដ្ឋសភាជាតិឲ្យបានគ្រប់គ្រាន់ ដើម្បីឈ្នះសំឡេងភាគច្រើនដាច់ខាត ពោលគឺជាលទ្ធផលដែលអាចបណ្តាលឲ្យមានការជាប់គាំងផ្នែកនយោបាយ។
គណបក្សប្រឆាំងអន្តោប្រវេសន៍ គឺគណបក្សរួបរួមជាតិ (RN) របស់លោកស្រី Marine Le Pen បាននាំមុខក្នុងការបោះឆ្នោតសភាជុំទី១ ដោយបើកឲ្យមាននូវការរំពឹងទុកថា កុ្រមស្តាំនិយមជ្រុល នឹងដឹកនាំរដ្ឋាភិបាលបារាំងជាលើកដំបូង គិតចាប់តាំងពីសង្គ្រាមលោកលើកទី២។
ការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវ OpinionWay បានព្យាករថា គណបក្ស RN នឹងឈ្នះអាសនៈចន្លោះ ២០៥-២៣០ ដោយនាំមុខគណបក្សឆ្វេងនិយម New Popular Front (NFP) ១៤៥-១៧៥អាសនៈ ហើយប្លុកនិយមកណ្តាលរបស់ប្រធានាធិបតី លោក Emmanuel Macron ទទួលបានអាសនៈចន្លោះ ១៣០-១៣២។

ប្រសិនបើលទ្ធផលស្របតាមការស្ទង់មតិចុងក្រោយ ការបោះឆ្នោតនឹងបង្កើតបាននូវរដ្ឋសភាជាប់គាំងមួយ។ ហើយជម្រើសនានា នឹងរួមបញ្ចូលទាំងការព្យាយាមឲ្យមានរដ្ឋាភិបាលចម្រុះ គណបក្សមួយដឹកនាំរដ្ឋាភិបាលសំឡេងភាគតិច និងបង្កើតរដ្ឋាភិបាលចាំផ្ទះ ដែលនឹងមានបំណងឈានដល់កិច្ចព្រមព្រៀងលើសំណើច្បាប់សភានីមួយៗ៕