បាល់ទាត់៖ អាជ្ញាធរបាល់ទាត់បារាំងបានបញ្ជាឱ្យបិទកន្លែងអង្គុយទស្សនា ផ្នែកខាងក្រោយសំណាញ់ទីរបស់ក្លិបបាល់ទាត់ Nice នៃកីឡដ្ឋាន Allianz Riviera ចំនួន ៤ប្រកួត និងឃាត់ខ្លួនបានមនុស្សម្នាក់ក្រោយការប៉ះទង្គិចរវាងកីឡាករ និងអ្នកគាំទ្រកាលពីថ្ងៃអាទិត្យក្នុងជំនួបរវាង Nice និង Marseille នៅក្របខណ្ឌបារាំង Ligue 1។

Nice បាននាំមុខមុន ១-០ ដោយគ្រាប់បាល់របស់ Kasper Dolberg តែក្រោយមកការប្រកួតក៏ត្រូវបានផ្អាកដោយសារអ្នកគាំទ្រ Nice រត់ចូលមកក្នុងទីលាន។ ក្រុមអ្នកគាំទ្រនៅខាងក្រោយសំណាញ់ទីបានចោលដបទឹក និងវត្ថុរឹងផ្សេងៗមកលើកីឡាកររបស់ Marseille, Dimitry Payet ហើយ Payet ខឹងក៏រើសដបនោះគប់ទៅអ្នកគាំទ្រវិញ ដែលធ្វើឱ្យកំហឹងរបស់អ្នកគាំទ្រ Nice កាន់តែខ្លាំង និងរត់ចូលទីលានរហូតដល់ការប្រកួតត្រូវបានសំរេចផ្អាកតែម្តង។
ការប្រកួតកាលពីថ្ងៃអាទិត្យមានអ្នកគាំទ្រចូលទស្សនាជាង ៣២០០០នាក់ បន្ទាប់ពីស្ទើពេញមួយរដូវកាលមុនការប្រកួតត្រូវលេងបិទទ្វា ដោយសារវិបត្តិនៃមេរោគរាតត្បាត Covid-19។ មិនមែនជាលើកដំបូងទេក្នុងរដូវកាលនេះ កាលពី ២សប្តាហ៍មុនជំនួបដែល Marseille យកឈ្នះ Montpellier ៣-២ ក៏មានការរំខានពីអ្នកគាំទ្ររត់ចូលទីលាន និងចោលដបទឹកលើកីឡាករបែបនេះដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ