ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃសុក្រ បានព្យាយាមដោះស្រាយវិបត្តិផ្នែកនយោបាយ ជុំវិញការជជែកដេញដោល ដែលធ្វើពុំបានល្អរបស់លោក ដោយប្រើប្រាស់បទសម្ភាសន៍របស់ ABC News ដើម្បីអះអាងជាថ្មីម្តងទៀតថា លោកមានយប់ដ៏អាក្រក់មួយ ហើយប្រាប់អ្នកបោះឆ្នោតថា លោកប្តេជ្ញាបន្តការប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២៤នេះ ទោះបីជាមានការអំពាវនាវឱ្យលោកលាចេញពីតំណែងក៏ដោយ។
លោក Biden បានថតទុកក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយABC បន្ទាប់ពីបានប្រាប់ដល់មនុស្សជាច្រើននៅក្នុងសុន្ទរកថាដ៏ក្ដៅគគុក នៅទីក្រុង Madison រដ្ឋ Wisconsin ថា សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន កំពុងព្យាយាមជំរុញលោកឲ្យចាកចេញពីការប្រកួតប្រជែង បន្ទាប់ពីការជជែកដេញដោលរបស់លោកទល់នឹងអតីតប្រធានាធិបតី លោក Donald Trump ។
លោក Biden បាននិយាយលើកឡើងពី «ជំងឺផ្តាសាយដ៏អាក្រក់» សម្រាប់ការអនុវត្តន៍និយាយជាន់ពាក្យរបស់លោកនៅក្នុងការជជែកដេញដោល និងភាពហត់នឿយ បន្ទាប់ពីការធ្វើដំណើរពីរលើកទៅកាន់អឺរ៉ុប។
លោក Biden បានធ្វើដំណើរទៅកាន់រដ្ឋ Wisconsin ជារដ្ឋសមរភូមិនយោបាយ ដើម្បីប្រមូលផ្តុំអ្នកបោះឆ្នោត និងបានអង្គុយសំភាសន៍តាមទូរទស្សន៍ ដែលត្រូវបានតាមដានយ៉ាងដិតដល់ បន្ទាប់ពីការជជែកដេញដោលជាមួយលោក Trump ជំរុញឱ្យមនុស្សមួយចំនួននៅក្នុងគណបក្សរបស់លោក រួមទាំងម្ចាស់ជំនួយធំៗ ចោទសួរថាតើលោកអាចបន្តទៅរួចឬទេរយៈពេលបួនឆ្នាំទៀត សម្រាប់អាណត្តិទីពីរ។
លោក Biden និយាយថា យើងមានការជជែកដេញដោលកាលពីសប្តាហ៍មុន ដែលពុំអាចនិយាយថាវាជាការអនុវត្តន៍ល្អបំផុតរបស់លោកនោះទេ។ ប៉ុន្តែចាប់តាំងពីពេលនោះមក មានការរំពឹងទុកជាច្រើនថា លោកJoe Biden នឹងធ្វើអ្វី? តើលោក នឹងបន្តការប្រជែងដែរឬទេ ឬបោះបង់ចោល? ជាការពិត ចម្លើយរបស់លោក គឺ លោកនឹងឈរឈ្មោះហើយនឹងទទួលជ័យជម្នះម្តងទៀត។
ទោះជាយ៉ាងណា លោកប្រធានាធិបតី បានប្រឈមមុខទៅនឹងឧបសគ្គថ្មីៗដ៏មានសក្តានុពល ពីក្នុងជួរគណបក្សរបស់លោក។

