ក្រសួងមហាផ្ទៃ បាននិយាយថា លោកម៉ាស៊ូត ប៉េហ្សេសស្គីអាន( Masoud Pezeshkian) ជាអ្នកនិយមកណ្តាល ដែលបានសន្យាបើកចំហរប្រទេសអ៊ីរ៉ង់ទៅកាន់ពិភពលោក និងផ្តល់សិទ្ធសេរីភាពដែលប្រជាជនរបស់ខ្លួនប្រាថ្នាចង់បាននោះ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២ កាលពីថ្ងៃសុក្រទី ៥ ខែកក្កដា។

ការរាប់សន្លឹកឆ្នោតបានបញ្ចប់ ហើយបេក្ខជនជាគូប្រជែង ត្រូវបានជូនដំណឹងអំពីលទ្ធផល។ លោក Pezeshkian បានទទួលសំឡេងចំនួនប្រហែលបីលានសំឡេង នាំមុខគូប្រជែងប្រកាន់តឹងរបស់លោក គឺលោក Saeed Jalili។
យោងតាមក្រសួងមហាផ្ទៃបាននិយាយឲ្យដឹងថា ការបោះឆ្នោតំណែងប្រធានាធិបតីជុំទី២ នៅក្នុងប្រទេសអ៊ីរ៉ង់ បានបិទកាលពីថ្ងៃសុក្រ បន្ទាប់ពីពេលវេលានៃបោះឆ្នោត ត្រូវបានពន្យារពេលពីរដង។ ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា ការិយាល័យបោះឆ្នោតបានបើកទ្វារទទួលអ្នកបោះឆ្នោតនៅម៉ោង៨ ព្រឹកម៉ោងក្នុងស្រុក ហើយការបោះឆ្នោតត្រូវបានបញ្ចប់នៅម៉ោង ៦ ល្ងាច ប៉ុន្តែត្រូវបានពន្យារពេលដំបូងរហូតដល់ម៉ោង៨យប់ និងបន្ទាប់មកទៀតពន្យាពេលដល់ម៉ោង១០យប់ ម៉ោងក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹង សំណើថ្មី ពីការិយាល័យបោះឆ្នោត។
ការបោះឆ្នោតក្នុងពេលកន្លងទៅ ត្រូវបានពន្យារជាញឹកញាប់រហូតដល់ពាក់កណ្តាលអធ្រាត្រ។
ការបោះឆ្នោតជុំទី២នេះ ធ្វើឡើងបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែមិថុនា ដែលមានចំនួនអ្នកទៅបោះឆ្នោតទាបជាប្រវត្តិសាស្ត្រ នៅពេលអ្នកបោះឆ្នោតអ៊ីរ៉ង់ជាង៦០% បានបនុបវាទ ពីការបោះឆ្នោតមុនអាណត្តិសម្រាប់អ្នកបន្តតំណែងពីលោក Ebrahim Raisi បន្ទាប់ពីលោកទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ ការចូលរួមមានចំនួនទាប ត្រូវបានក្រុមអ្នករិះគន់មើលឃើញថា ជាការបោះឆ្នោតគ្មានទំនុកចិត្ត ចំពោះសាធារណរដ្ឋអ៊ីស្លាមមួយនេះ៕
