សីតុណ្ហភាពខ្ពស់ ត្រូវបានគេរំពឹងថានឹងបន្តនៅក្នុងផ្នែកច្រើនរបស់ប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ។ សីតុណ្ហភាពខ្ពស់៣៥ អង្សាសេ ឬខ្ពស់ជាងនេះ ត្រូវបានព្យាករណ៍សម្រាប់តំបន់ជាច្រើន ដោយសីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងឡើងដល់៣៨អង្សារ នៅទីក្រុង Shizuoka ភាគកណ្តាលប្រទេសជប៉ុន។
ការព្រមានអំពីជំងឺសុរិយរោគ ត្រូវបានចេញសម្រាប់ខេត្តចំនួន២២ខេត្ត ចាប់ពីតំបន់ Kanto ដល់ខេត្ត Okinawa ។
ទីភ្នាក់ងារឧតុនិយម បាននិយាយថា ប្រព័ន្ធសម្ពាធខ្ពស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងបន្តគ្របដណ្តប់ផ្នែកនានានៅភាគខាងលិច និងភាគខាងកើត របស់ប្រទេស និងបង្កើនសីតុណ្ហភាព។
សីតុណ្ហភាពខ្ពស់នៅពេលថ្ងៃ ត្រូវបានគេរំពឹងថានឹងហក់ឡើងដល់៣៧អង្សាសេ នៅទីក្រុង Nakatsu ក្នុងខេត្ត Oita ហើយសីតុណ្ហភាពខ្ពស់៣៦អង្សាសេ ត្រូវបានរំពឹងទុកនៅក្នុងទីក្រុងជាច្រើន។
ទីភ្នាក់ងារឧតុនិយម និងក្រសួងបរិស្ថាន បានចេញការព្រមានអំពីជំងឺសុរិយរោគ សម្រាប់ខេត្តចំនួន ២២ រួមមានទីក្រុងតូក្យូ ស៊ីហ្ស៊ូអូកា ហ៊ីរ៉ូស៊ីម៉ា ហ្វូគូអូកា និងខេត្តអូគីណាវ៉ា។
ប្រជាជនត្រូវបានណែនាំឲ្យឈប់ធ្វើលំហាត់ប្រាណ និងការចេញទៅក្រៅដែលមិនចាំបាច់ ហើយត្រូវប្រើប្រាស់ម៉ាស៊ីនត្រជាក់ឲ្យបានត្រឹមត្រូវនៅក្នុងលំនៅឋាន។

