ក្រុមហ៊ុនអាកាសចរណ៍ទី១ របស់ប្រទេសថៃ បាងកក អ៊ែរវេយ៍ (Bangkok Airways) បានប្រកាសបើកពិព័រណ៍ទេសចរណ៍ “Boutique Journey Travel Fair” និងបង្ហាញបណ្ណ Cambodia Travel Pass រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៥ ដល់៧ ខែកក្កដា ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីនអន ម៉ល សែនសុខ។

នៅក្នុងកម្មវិធីនេះ អ្នកនាង អាម៉នរ៉ាត គង់សាវ៉ាត អនុប្រធានផ្នែកលក់ និងជាអនុប្រធានស្តីទីផ្នែកទីផ្សាររបស់ក្រុមហ៊ុន បាងកក អ៊ែរវេយ៍ បានបង្ហាញអារម្មណ៍រីករាយ និងលើកឡើងថា ពិតជារំភើបចំពោះការរៀបចំកម្មវិធីនេះឡើងនៅក្នុងប្រទេសកម្ពុជា។ អ្នកនាងបានឲ្យដឹងថា បណ្ណ Cambodia Travel Pass នឹងផ្តល់ជូននូវការធ្វើដំណើរប្រកបដោយភាពបត់បែន និងមានងាយស្រួលជូនដល់អ្នកប្រើប្រាស់ក្នុងការធ្វើដំណើរកាន់តែប្រសើរជាមួយបទពិសោធន៍ល្អៗ។

លោក Komkrit Ngamwongwirot ប្រធានផ្នែកគណនេយ្យ បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃកម្មវិធីនេះ គឺក្រុមហ៊ុនចង់ផ្តល់ជូនបន្ថែមនូវជម្រើសនៃការធ្វើដំណើរប្រកបដោយភាពបត់បែន ប្រណីតភាព និងងាយស្រួលជូនដល់អតិថិជនដ៏មានតម្លៃនៅកម្ពុជា។ លោកបន្ថែមថា កម្មវិធីនេះដែរ ក៏បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ក្រុមហ៊ុនក្នុងការនាំនូវសេវាកម្មដ៏ល្អឯក រួមជាមួយអត្ថប្រយោជន៍ជាច្រើនដ៏សម្បូរបែបផងដែរជូនដល់អតិថិជន។ ជាពិសេស បណ្ណ Cambodia Travel Pass ដែលអាចធ្វើដំណើរឥតកំណត់រយៈពេល ១ឆ្នាំ សម្រាប់ការហោះហើរ រវាងភ្នំពេញ-បាងកក និងសៀមរាប-បាងកក ក្នុងតម្លៃសរុប ២,៥៩០ដុល្លារ។
ក្រុមហ៊ុនអាកាសចរណ៍ថៃ បាងកក អ៊ែរវេយ៍ បានបង្កើតឡើងក្នុងឆ្នាំ១៩៦៨ ដែលផ្តល់សេវាកម្មពេញលេញក្នុងការដឹកអ្នកដំណើរ។ តាមរយៈប្រតិបត្តិការប្រមាណ១០០ជើង ជារៀងរាល់ថ្ងៃពីអាកាសយានដ្ឋានសុវណ្ណាភូមិនៅបាងកក និងអាកាសយានដ្ឋានសាមុយ។ ក្រុមហ៊ុននេះ ភ្ជាប់អ្នកដំណើរទៅកាន់ទិសដៅហោះហើរប្រណីតៗប្រមាណជាង២០ នៅទូទាំងប្រទេសពិភពលោក និងក្នុងតំបន់អាស៊ី៕





