ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូន នៅទូទាំងប្រទេសអ៊ុយក្រែន នាថ្ងៃសៅរ៍ (ទី៦ ខែកក្កដា) នេះ ដោយបានត្រូវចំរោងចក្រថាមពល នៅក្នុងតំបន់ Sumy ភាគឦសានប្រទេស។
កងទ័ពអាកាសបានប្រាប់ឲ្យដឹងថា ក្រុមអ្នកតាមប្រមាញ់យានដ្រូនចល័តរបស់អ៊ុយក្រែន និងអង្គភាពការពារដែនអាកាស បានបាញ់ទម្លាក់យានដ្រូនរុស្ស៊ីចំនួន ២៤គ្រឿង ក្នុងចំណោម ២៧គ្រឿង ដែលបានបាញ់ទៅលើតំបន់ចំនួន ១២។
ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ Ukrenergo បាននិយាយថា កន្លែងថាមពល នៅតំបន់ Sumy ត្រូវបានខូចខាត ដោយបង្ខំឲ្យផ្ដាច់ចរន្តអគ្គិសនីជាបន្ទាន់ សម្រាប់អ្នកប្រើប្រាស់ឧស្សាហកម្ម នៅទីក្រុង Sumy។ ក្រុមការងារជួសជុលកំពុងធ្វើការ ដើម្បីស្តារការផ្គត់ផ្គង់ឡើងវិញ។ នៅពេលនេះ មិនមានរបាយការណ៍ភ្លាមៗ អំពីការស្លាប់ និងរបួស ឬព័ត៌មានលម្អិតនៃការខូចខាតផ្សេងទៀតពីតំបន់នេះនោះទេ។
គួរបញ្ជាក់ថា ប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ត្រូវជួបនឹងបញ្ហារួចហើយ តាំងពីក្នុងឆ្នាំដំបូង បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ហើយប្រព័ន្ធថាមពលបានបាត់បង់សមត្ថភាពផលិតប្រហែលពាក់កណ្តាល ដោយសារតែការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី ក្នុងរយៈពេល ៤ខែកន្លងមកនេះ៕

