ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស៊ីរីលីតូ សូប៊ីហាណា (CIRILITO E. SOBEJANA) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានអះអាងថា កងទ័ពរបស់លោក បានត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីទប់ស្កាត់ និងបង្ក្រាបអំពើភេរវកម្ម និងឧក្រិដ្ឋឆ្លងដែនផ្សេងៗនោះ។
ការអះអាង របស់ឧត្តមសេនីយ៍ផ្កាយបីរបស់ប្រទេសហ្វីលីពីនរូបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបសន្ទនាតាមរយៈវិដេអូ Virtual Conference ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ។
នៅក្នុងកិច្ចសន្ទនានោះ លោកឧត្តមសេនីយ៍ឯក ស៊ីរីលីតូ សូប៊ីហាណា (CIRILITO E. SOBEJANA) បានលើកឡើងថា «កងទ័ពជើងគោកហ្វីលីពីនត្រៀមខ្លួនជានិច្ច នៅក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅក្នុងផ្នែកនានាជាច្រើនដែលជាផលប្រយោជន៍រួម ដែលអាចមានដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន និងសកម្មភាពផ្លាស់ប្តូរទស្សនកិច្ចរបស់នាយទាហានរងជាដើមនោះ»។
ថ្លែងនៅក្នុងកិច្ចសន្ទនានោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រចំពោះទស្សនវិស័យនៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងបានបញ្ជាក់បន្ថែមថា ក្នុងចំណោមអាទិភាពនានា កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ តែងបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្បែរខាងក្នុងតំបន់អាស៊ាន ដោយរួមទាំងកងទ័ពជើងគោកហ្វីលីពីនផងដែរ។
ជាក់ស្តែង អនុលោមតាមស្មារតីនៃអនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងការពារជាតិកម្ពុជា-ហ្វីលីពីន កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ គឺជាទំនាក់ទំនងប្រកបដោយសក្តានុពល ដែលអាចមានវិសាលភាពទូលំទូលាយ ទាំងសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើការងារប្រយុទ្ធនឹងជំងឺកូវីដ–១៩ ក៏ដូចជាអំពីវិធីសាស្ត្រផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តរបៀបរបបការងារថ្មី ស្របតាមបរិបទថ្មីនៃជំងឺនេះ ដើម្បីធ្វើយ៉ាងណាឱ្យការងារហ្វឹកហ្វឺន និងប្រតិបត្តិការផ្សេងៗទៀតអាចដំណើរការទៅបានជាធម្មតា ដោយទាំងនេះ សុទ្ធសឹងជាមេរៀនដ៏ល្អសម្រាប់ការដកពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមក។
ថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងពីរ ក៏បានកត់សម្គាល់អំពីភាពសំខាន់ចាំបាច់នៃនិរន្តរភាពនៃសន្តិភាព និងស្ថិរភាព ដើម្បីភាពសុខសាន្តរបស់ជាតិ និងប្រជាជន ក៏ដូចជាសម្រាប់តំបន់ទាំងមូល និងបានឯកភាពគ្នាបន្តជំរុញល្បឿន នៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាពិសេសការខិតខំពិនិត្យលទ្ធភាពក្នុងការសម្រេចឱ្យបាននូវការចុះអនុស្សរណៈ នៃការយោគយល់ (MOU) រវាងកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីនក្នុងពេលឆាប់ៗខាងមុខនេះ៕ អត្ថបទ៖ បាន ចក់


