អ្នកបោះឆ្នោតអ៊ីរ៉ង់បានសម្តែងការរំពឹងទុករបស់ពួកគេ អំពីគោលនយោបាយក្នុងស្រុក និងបរទេស នាពេលអនាគតរបស់ប្រទេសនេះ ខណៈដែលការបោះឆ្នោតជុំទី២ នៃការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ ទើបតែបានបញ្ចប់ ដោយបេក្ខជនអ្នកកំណែទម្រង់ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល គឺលោក Masoud Pezeshkian បានឈ្នះការប្រកួតប្រជែងនេះ។

ការបោះឆ្នោតជុំទី២ នេះ បានចាប់ផ្តើមនៅព្រឹកថ្ងៃសុក្រ ដែលជាការប្រកួតប្រជែងដ៏តានតឹង រវាងលោក Pezeshkian និងមេដឹកនាំអ្នកសីលធម៌និយម លោក Saeed Jalili ដែលជាអតីតប្រធានអ្នកចរចា ក្នុងកិច្ចចរចានុយក្លេអ៊ែរ រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោក។
គួរបញ្ជាក់ថា លោក Pezeshkian ទទួលបានសំឡេងឆ្នោត ១៦.៣៨៤.៤០២ នៃសន្លឹកឆ្នោតសរុប ៣០.៥៧៣.៩៣១សន្លឹក នៅក្នុងការបោះឆ្នោតជុំទី២ នេះ។ នេះបើតាមអ្នកនាំពាក្យទីស្នាក់ការបោះឆ្នោតកណ្ដាលរបស់ប្រទេសអ៊ីរ៉ង់ គឺលោក Mohsen Eslami ដែលបានប្រកាសឲ្យដឹង នៅថ្ងៃសៅរ៍ (ទី៦ ខែកក្កដា) នេះ ដោយលោកបានបន្ថែមថា ចំនួនអ្នកទៅបោះឆ្នោតក្នុងជុំទី២ នេះ មានចំនួន ៤៩,៨ភាគរយ។
មុនលទ្ធផលបោះឆ្នោតត្រូវបានប្រកាស អ្នកបោះឆ្នោត នៅការិយាល័យបោះឆ្នោត ក្នុងទីក្រុងតេអេរ៉ង់ បានសម្តែងនូវក្ដីសង្ឃឹមរបស់ពួកគេ ចំពោះប្រធានាធិបតីថ្មី ក្នុងការធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនល្អប្រសើរ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការដាក់ទណ្ឌកម្ម។

អ្នកបោះឆ្នោតម្នាក់ ឈ្មោះ Alireza បាននិយាយថា៖ «ការដកទណ្ឌកម្មគួរតែជាអាទិភាពមួយ ក្នុងចំណោមអាទិភាពផ្សេងទៀត។ មនុស្សគ្រប់គ្នាចង់ឲ្យមានការដកទណ្ឌកម្មចេញ ប៉ុន្តែយើងមិនគួរប្រញាប់ប្រញាល់ចរចា ដោយហេតុផលនេះទេ។ បើមិនដូច្នេះទេ អ៊ីរ៉ង់នឹងខាតបង់ច្រើន។ គោលដៅសំខាន់បំផុតនៃការចរចា គឺធ្វើឲ្យប្រជាជនមានជីវិតរស់នៅកាន់តែប្រសើរ ហើយវាពិតជាអស្ចារ្យណាស់ ប្រសិនបើរដ្ឋាភិបាលថ្មីអាចសម្រេចបាននោះ»។
ចំណែកអ្នកបោះឆ្នោតផ្សេងទៀត បានប្រាប់ថា អ៊ីរ៉ង់គួរតែបន្តប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងធ្វើអន្តរកម្មយ៉ាងសកម្មជាមួយប្រទេសជាច្រើនទៀត ដើម្បីសម្រេចបានផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួម៕

