នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico បានបង្ហាញខ្លួនជាសាធារណៈ កាលពីថ្ងៃសុក្រ (ទី៥ ខែកក្កដា) ដែលនេះជាលើកដំបូង គិតចាប់តាំងពីមានការប៉ុនប៉ងធ្វើឃាត ក្នុងខែឧសភា។
លោក Fico ដែលកំពុងតែជាសះស្បើយពីរបួស បន្ទាប់ពីត្រូវបានបាញ់ ៤គ្រាប់ ក្នុងចម្ងាយដ៏កៀក កាលពីពាក់កណ្តាលខែឧសភា បានឡើងនិយាយនៅឯវេទិកា ក្នុងពិធីនាពេលល្ងាចមួយ ដែលចាត់ឡើងដើម្បីប្រារព្ធទិវា Saints Cyril និង Methodius ដែលជាថ្ងៃឈប់សម្រាកសាធារណៈក្នុងប្រទេសស្លូវ៉ាគី។
សូមរំលឹកថា លោក Fico ដែលជានាយករដ្ឋមន្ត្រីឆ្វេងនិយម ៤សម័យកាល ដែលបានវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីឈ្នះការបោះឆ្នោត កាលពីខែកញ្ញាឆ្នាំមុននោះ ត្រូវបានបាញ់ប្រហារ នៅពេលដែលរូបលោកស្វាគមន៍អ្នកគាំទ្រ នៅឯកិច្ចប្រជុំរដ្ឋាភិបាល នាទីក្រុង Handlova ភាគកណ្តាលប្រទេសស្លូវ៉ាគី ដែលបណ្ដាលឲ្យរូបគាត់ត្រូវការវះកាត់ជាច្រើនម៉ោង។ លោកបានជាសះស្បើយសម្រាកនៅគេហដ្ឋានរបស់លោក តាំងពីចុងខែឧសភា។
យ៉ាងណាក្ដី ទោះលោកមិនគ្រោះថ្នាក់ដល់ជីវិតក៏ដោយ ក៏ការវាយប្រហារនោះ បានគូសបញ្ជាក់ពីការបែកបាក់ផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសអឺរ៉ុបកណ្តាលដែលមានប្រជាជនចំនួន ៥,៤លាននាក់៕


