ក្នុងឱកាសជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៤នេះ លោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន បានជម្រាបជូនសម្តេចតេជោ អំពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការបស់លោកជំទាវជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការថ្មីរវាងកម្ពុជា និងជប៉ុន និងប្រធានបទបច្ចុប្បន្នភាពតំបន់ និង សកល។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្ដីការបរទេសជប៉ុន បានបញ្ជាក់ពីបំណងចង់ឱ្យកម្ពុជា បន្តនិរន្តរភាពនៃការរីកចម្រើននៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់៣ រួមមាន ទី១ វិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ដូចជា ទឹកស្អាត ប្រព័ន្ធចម្រោះទឹកកខ្វក់ ទី២ វិស័យឌីជីថលដែលវិវត្តឥតឈប់ ដូចជា ប្រព័ន្ធ5G សន្តិសុខអ៊ីនធឺណិត (cyber security)…។ល។ និង ទី៣ ការតភ្ជាប់សមុទ្រ ដូចជា កិច្ចសហប្រតិបត្តិការផែសមុទ្រ។

ក្នុងឱកាសនោះសម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុនដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះដែលនឹងរឹតបណ្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ ចំណែកលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្ដែងនូវក្តីរីករាយដោយចាត់ទុកថាជាកិត្តិយសដ៏ធំធេងចំពោះលោកជំទាវ ដែលសម្ដេចតេជោអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមនៅពេលនេះ។

លោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន ជម្រាបជូនសម្តេចតេជោ អំពីសារៈសំខាន់នៃវិស័យសេដ្ឋកិច្ច និងបង្ហាញពីបំណងចង់ផ្សព្វផ្សាយពីសក្កានុពលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីអាចទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុនបន្ថែមទៀតមកកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរពីការយកចិត្តទុកដាក់របស់ជប៉ុនលើវិស័យបោសសំអាតមីន។ លោកជំទាវបង្ហាញនូវបំណងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដែលនឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃ២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នៅសៀមរាប។ លោកជំទាវក៏បានជម្រាបជូនសម្ដេចថា ជប៉ុនគ្រោងនឹងរៀបចំសន្និសីទអន្តរជាតិស្តីពីសកម្មភាពមីននៅអ៊ុយក្រែន នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៥ និងបានស្នើសុំការគាំទ្រពីកម្ពុជាដើម្បីអាចចូលរួមក្នុងកម្រិតណាមួយ។ ទាក់ទងបញ្ហាតំបន់ លោកជំទាវបានកោតសរសើរកម្ពុជា និងសម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងរកដំណោះស្រាយសន្តិភាពនៅមីយ៉ាន់ម៉ា នាពេលកន្លងមក និងបានបញ្ជាក់ថា ជប៉ុនយកចិត្តទុកដាក់លើការឯកភាពរបស់អាស៊ាន និងបន្តគាំទ្រអាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PCs) ឱ្យមានប្រសិទ្ធភាព។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ពិតជារីករាយដែលបានលោកជំទាវសាជាថ្មី បន្ទាប់ពីជំនួបលើកមុនកាលពី២០ឆ្នាំមុននិង រីករាយដែលលោកជំទាវបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យសមិទ្ធផលនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ចាប់តាំងពីជប៉ុនបានចូលរួមក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាមក។ សម្តេចបានលើកឡើងថា ប្រទេសជប៉ុនបានផ្តល់ជំនួយយ៉ាងច្រើន សម្រាប់ការលូតលាស់របស់កម្ពុជា នៅលើច្រើនវិស័យ ចាប់តាំងពីការជួយទៅលើផ្នែកទឹកស្អាតប្រើប្រាស់ក្នុងក្រុង និងការជួយរំដោះទឹកចេញពីទីក្រុងភ្នំពេញ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាការកសាងកំណាត់ផ្លូវជាតិលេខ៥ កំណាត់ផ្លូវជាតិលេខ១ដែលជាហាយវ៉េអាស៊ាន...។ល។ សម្ដេច បានអរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ សម្ដេចធ្លាប់បានជួបគណៈប្រតិភូក្រុមហ៊ុនជប៉ុនយ៉ាងច្រើន និង ចង់ឱ្យក្រុមហ៊ុនជប៉ុនមកបណ្ដាក់ទុននៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ សម្ដេច ពិតជាមានមោទនភាពដែលបានធ្វើការជាមួយជប៉ុនរហូតដល់សម្រេចក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីដើមឆ្នាំកន្លងមកនេះ៕
អត្ថបទៈ ដារ៉ា
