នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃសៅរ៍ (ទី៦ ខែកក្កដា) នេះ បានយល់ព្រមជាមួយសមភាគីលោក Keir Starmer ដែលជាមេដឹកនាំថ្មីរបស់ប្រទេសអង់គ្លេស ក្នុងធ្វើការរួមគ្នាដើម្បីឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ ដោយការលើកឡើងនេះ កើតមានអំឡុងពេលសន្ទនាតាមទូរសព្ទជាលើកដំបូងរបស់មេដឹកនាំទាំង២ គិតចាប់តាំងពីគណបក្សការងាររបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេសទទួលបានជ័យជម្នះក្នុងសំឡេងលើសលប់ នៅក្នុងការបោះឆ្នោតសកល។
លោក Kishida ដែលត្រូវបានដកស្រង់សម្តីដោយក្រសួងការបរទេស បានប្រាប់លោក Starmer ថា ប្រទេសជប៉ុននឹងសហការជាមួយចក្រភពអង់គ្លេស ដើម្បីបន្តរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ដោយសេរី និងបើកចំហ ផ្អែកលើនីតិរដ្ឋ ចំពេលមានបរិយាកាសសន្តិសុខពិភពលោកកាន់តែស្មុគស្មាញ។
ជាមួយគ្នានេះ ក្រសួងបានប្រាប់ថា មេដឹកនាំទាំង២ ក៏បានបញ្ជាក់ផងដែរថា ប្រទេសជប៉ុន និងអង់គ្លេស នឹងបន្តគម្រោងរួមគ្នាជាមួយប្រទេសអ៊ីតាលី ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ ហើយបានបន្ថែមទៀតថា ទាំងលោក Kishida និងលោក Starmer បានផ្លាស់ប្តូរទស្សនៈគ្នា ជុំវិញបញ្ហាអ៊ុយក្រែន មជ្ឈិមបូព៌ា និងអាស៊ី។
គួរបញ្ជាក់ថា ដោយគណបក្សការងារទទួលបានសំឡេងភាគច្រើន នៅក្នុងសភា បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) មេដឹកនាំរបស់គណបក្សលោក Starmer បានក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស ដោយបន្តតំណែងពីលោក Rishi Sunak និងបានបញ្ចប់ការគ្រប់គ្រងរយៈពេល ១៤ឆ្នាំរបស់គណបក្សអភិរក្សនិយម៕
