ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង និងអ្នកចូលរួមសរុប ចំនួន ៦២រូប នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា)។

ក្នុងកិច្ចប្រជុំនាថ្ងៃនេះ ឯកឧត្តម បានបញ្ជាក់ថា នេះជាកិច្ចប្រជុំលើកទី៤ហើយ ដែលគណៈកម្មាធិការគណបក្សក្រសួង បានរៀបចំកិច្ចប្រជុំ និងពិធីសំណេះសំណាលនាពេលកន្លងមក។ ជាមួយគ្នានេះដែរ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណងពីរ៖ (ទី១) តាមដានវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សក្រសួង ដែលសម្រេចបានក្នុងរយៈពេល១០ ខែ នាពេលកន្លងមកនិង (ទី២) បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិកគណៈកម្មាធិការគណបក្សក្រសួងបន្ថែម (ជាលើកទី២) ស្របតាមស្មារតីនៃសេចក្ដីណែនាំរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ស្ដីពីរចនាសម្ព័ន្ធ សមាសភាព និងបរិមាណសមាជិកគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារនាពេលកន្លងមក ឯកឧត្តមប្រធាន បានថ្លែងនូវអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងសមាជិកបក្សគ្រប់លំដាប់ថ្នាក់ និង គ្រប់ផ្នែក ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីកកត់សម្គាល់។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានបានវាយតម្លៃលទ្ធផលបោះឆ្នោតបំពេញបន្ថែមបានប្រព្រឹត្តទៅដោយរលូន សេរី យុត្តិធម៌ ត្រឹមត្រូវ ទទួលយកបាន និងឈរលើគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងអបអរសាទរចំពោះបេក្ខជន ដែលបានឈ្នះឆ្នោតជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង ចំនួន ៤ រូប បន្ថែមថ្មី និងសមាជិកគណៈកម្មាធិការគណបក្សក្រសួង ចំនួន ១២ រូប បន្ថែមថ្មី។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានជម្រាបជូនអង្គប្រជុំឱ្យយកចិត្តទុកដាក់លើចំណុចមួយចំនួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ :
1. ត្រូវពង្រឹងការយកចិត្តទុកដាក់លើសតិអារម្មណ៍សមាជិកបក្សជាប់ជាប្រចាំ (បណ្ដុះស្មារតីស្នេហាជាតិ និងគាំទ្រគណបក្សឥតងាករេ)
2. ត្រូវពង្រឹងការយកចិត្តទុកដាក់លើកិច្ចការងារចាត់តាំង និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រុមការងារ និងគណៈកម្មាធិការគណបក្សមូលដ្ឋាន សាខាបក្ស ចំណុះគណៈកម្មាធិការគណបក្សក្រសួង នៅពេលមានការកែសម្រួលរចនាសម្ព័ន្ធក្រសួងថ្មី ។
3. បន្តលើកកម្ពស់សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។
4. រៀបចំផែនការបណ្ដុះបណ្ដាលសមត្ថភាពសមាជិក សមាជិកាគណបក្ស ទាំងក្នុងគណៈកម្មាធិការគណបក្សក្រសួង និងថ្នាក់មូលដ្ឋាន និងជំរុញការបញ្ជូនមន្ត្រីគណបក្សឱ្យចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងស្របតាមការងារអាទិភាពទី២របស់ក្រសួង គឺការពង្រឹងមូលធនមនុស្ស។
5. ត្រូវពង្រឹងរបៀបរបបការងារ៖ មានផែនការសកម្មភាពច្បាស់លាស់, ចាត់តាំងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានរបបតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ។
6. ថ្នាក់ដឹកនាំដែលជាប់កាតព្វកិច្ចបង់វិភាគទាន ៥% ជូនគណបក្ស ត្រូវបង់ឱ្យបានទៀងទាត់ទៅគណៈកម្មាធិការកណ្ដាលគណបក្ស និងបង់វិភាគទានក្នុងគណៈកម្មាធិការគណបក្សក្រសួង។
7. ត្រូវជំរុញ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតដល់សមាជិកគណបក្សឱ្យប្រើប្រាស់ កម្មវិធី CoolApp ដែលជាស្នាដៃរបស់កូនខ្មែរ និងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។
8. នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាឱកាសប្រកាសបើកការដ្ឋានព្រែកជីកហ្វូណនតេជោ៖ ក្រសួង នឹងរៀបចំឱ្យមានពិធីទូងស្គរដើម្បីអបអរសាទរ និងបង្ហាញស្មារតីសាមគ្គី និងគាំទ្រ ជាមួយរាជរដ្ឋាភិបាល។ ដូច្នេះត្រូវជំរុញសមាជិកបក្ស សមាជិកាបក្សទាំងអស់នៅក្នុងមូលដ្ឋានបក្សរបស់ខ្លួន ចូលរួមឱ្យបានច្រើនកុះករ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្សយើងទាំងអស់ដែលបានចំណាយកម្លាំងកាយចិត្ត និងថវិកា ព្រមទាំងខិតខំព្យាយាមបំពេញតួនាទីភារកិច្ចដែលគណបក្ស និងរាជរដ្ឋាភិបាលប្រគល់ជូន។



