មន្ត្រីម្នាក់បាននិយាយ ថា មនុស្សយ៉ាងហោចណាស់ ៤៧ នាក់បានស្លាប់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅប្រទេសនេប៉ាល់ បង្កឲ្យមានទឹកជំនន់ដ៏គំហុក បំណាក់ដី និងរន្ទះបាញ់នៅសប្ដាហ៍នេះ។

ថ្លែងទៅកាន់សភាជាតិ រដ្ឋមន្ត្រីក្រសួងការងារ លោក Dol Prasad Aryal បាននិយាយថា មនុស្ស ៤ នាក់បានស្លាប់ ក្នុងព្យុះភ្លៀងរដូវមូសុងដែលបង្កជាទឹកជំនន់ និង ២៤ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងបំណាក់ដី។ លោកបានបន្ថែមថា មនុស្ស ១៩ នាក់ផ្សេងទៀតបានស្លាប់ក្នុងការវាយប្រហារដោយរន្ទះបាញ់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៧ នាក់។

ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងរដ្ឋធានី កដ្ឋមណ្ឌូ (Kathmandu) បានជន់លិចផ្លូវ ធ្វើឱ្យផ្ទះសម្បែង និងយានជំនិះនៅក្រោមទឹក ដោយបង្ខំឱ្យអ្នកស្រុកត្រូវឆ្លងកាត់ទឹកជំនន់ក្នុងកិច្ចការប្រចាំថ្ងៃរបស់ពួកគេ។
បំណាក់ដី និងទឹកជំនន់ដ៏គំហុកគឺជារឿងធម្មតានៅក្នុងប្រទេសនេប៉ាល់ ដែលសំបូរដោយភ្នំ ក្នុងរដូវភ្លៀងមូសុង ហើយបានសម្លាប់មនុស្សរាប់រយនាក់ជារៀងរាល់ឆ្នាំ។
ភ្លៀងមូសុងប្រចាំឆ្នាំ ដែលចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនា ជាធម្មតាបន្តរហូតដល់ពាក់កណ្តាលខែកញ្ញា៕