មន្ត្រីពីររូបមកពីក្រុមប៉ាឡេស្ទីនបាននិយាយនៅថ្ងៃអាទិត្យថា ក្រុមហាម៉ាសកំពុងរង់ចាំការឆ្លើយតបពីអ៊ីស្រាអែលលើសំណើបទឈប់បាញ់របស់ខ្លួន ពោលគឺ ៥ ថ្ងៃបន្ទាប់ពីខ្លួនបានទទួលយកផ្នែកសំខាន់មួយនៃផែនការរបស់អាមេរិក ក្នុងគោលបំណងបញ្ចប់សង្រ្គាមរយៈពេល ៩ ខែ នៅហ្កាហ្សា។

បុគ្គល២នាក់ ក្នុងចំណោមមន្ត្រីហាម៉ាសដែលបានប្រាប់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញឈ្មោះបាននិយាយថា យើងបានទុកការឆ្លើយតបរបស់យើងជាមួយក្រុមអ្នកសម្របសម្រួល ហើយកំពុងរង់ចាំស្តាប់ការឆ្លើយតបពីភាគីអ៊ីស្រាអែល ។
ផែនការបីដំណាក់កាលត្រូវបានដាក់ចេញកាលពីចុងខែឧសភាដោយប្រធានាធិបតីអាមេរិក Joe Biden ហើយកំពុងត្រូវបានសម្របសម្រួលដោយកាតា និងអេហ្ស៊ីប ក្នុងគោលបំណងបញ្ចប់សង្រ្គាម និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលប្រហែល១២០ នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។

រដ្ឋាភិបាលអ៊ីស្រាអែលពុំបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីពេលវេលានៃការពិចារណារបស់ខ្លួនទេ។
ក្រុមមន្ត្រីប៉ាឡេស្ទីននិយាយថា ចំនួនអ្នកស្លាប់ននៅក្នុងការវាយប្រហារដោយអ៊ីស្រាអែលក្នុងដែនដីហ្កាហ្សា បានកើនឡើងដល់ ៣៨.០៩៨នាក់ គិតត្រឹមថ្ងៃអាទិត្យសប្ដាហ៍នេះ៕