លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃសមាគមយុវជនខ្មែរមហានគរ និងបណ្តុំអង្គការសមាគមសង្គមស៊ីវិល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៤នេះ បានធ្វើសន្និសីទសារព័ត៌មាន «លាតត្រដាងអាថ៌កំបាំងវាំងននខ្មៅនៅពីក្រោយក្រុមចលនាយុវជនខុសច្បាប់មាតាធម្មជាតិ»។
លោក ហេង សំណាង បានលើកឡើងថា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤កន្លង សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំទៅ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល។ ហេតុការណ៍នេះ បានធ្វើឲ្យពួកលោកជាយុវជនសង្គមស៊ីវិល ក្នុងនាមជាយុវជនខ្មែរ ពិតជាមានការភ្ញាក់ផ្អើល និងមានក្តីអាណិតអាសូរជាពន់ពេកចំពោះយុវជនជំនាន់ក្រោយដែលចាញ់កលជនបរទេស ប៉ុន្តែច្បាប់ គឺជាច្បាប់ បុគ្គលណាសាង បុគ្គលនោះទទួល។
លោកបន្តថា ផ្ទុយមកវិញនៅក្រោយពីវាំងននខ្មៅនៃសកម្មភាពក្រុមយុវជន ធ្វើចលនាជ្រុលនិយមទាំងនេះ គឺមានដើមចមអ្នកនៅពីក្រោយ ដោយពួកគេបានប្រើនូវមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមចំពោះយុវជនខ្មែរ ឱ្យងប់លង់ជាមួយពួកគេ។
ក្នុងសន្និសីទនេះដែរលោក ជុំ ហាក់ ប្រធានយុវជនពលរដ្ឋប្រករបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បកស្រាយអំពីសកម្មភាពចលនាយុវជនខុសច្បាប់ជ្រកក្រោមផ្លាកអង្គការខុសច្បាប់មាតាធម្មជាតិនៅក្រៅប្រទេស និងអំពាវនាវដល់ពលរដ្ឋ និងយុវជនឈប់ចាញ់កលការផ្សាយរបស់សារព័ត៌មាន និងវិទ្យុបរទេសជាខេមរៈភាសារ ដែលតែងតែផ្សាយនូវព័ត៌មានមិនពិតញុះញង់ឱ្យមានភាពវឹកវរនៅក្នុងសង្គមជាតិ។
ក្នុងឱកាសក្រុមយុវជនសង្គមស៊ីវិល ក្នុងនាមជាយុវជនកម្ពុជា បញ្ជាក់ថា ពួកគេ មិនអាចឱបដៃឈរមើល យុវជន ជនបរទេស ឬអង្គការ សមាគមណាមួយ មកចង់កេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត។ ក្រុមយុវជនសង្គមស៊ីវិល ប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ធ្វើការឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕អត្ថបទ៖វ៉ន ដារ៉ា


