យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃចន្ទ ទី ៨ ខែកក្កដា នេះ -លោកស្រី គីម យ៉ូ ចុង (Kim Yo Jong ) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា សមយុទ្ធយោធានាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូងនៅជិតព្រំដែនរវាងប្រទេសទាំងពីរគឺជាការបង្កហេតុដែលមិនអាចលើកលែងបាន និងច្បាស់លាស់ ។

លោកស្រី គីម បាននិយាយថា ក្នុងករណីដែលកូរ៉េខាងជើងវិនិច្ឆ័យអធិបតេយ្យភាពរបស់ខ្លួនថាបានរំលោភបំពាន កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ នឹងបំពេញបេសកកម្ម និងកាតព្វកិច្ចភ្លាមៗ ស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។
យោធាកូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធកាំភ្លើងធំបាញ់គ្រាប់ពិតនៅជិតព្រំដែនសមុទ្រភាគខាងលិចកាលពីចុងខែមិថុនា ជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៨ មក ។

កាលពីខែមុន កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្អាកកិច្ចព្រមព្រៀងយោធាដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើងក្នុងឆ្នាំ ២០១៨ បំណងបន្ធូរបន្ថយភាពតានតឹង ក្នុងការតវ៉ាប្រឆាំងនឹងការបាញ់បង្ហោះបាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើងចូលទៅកាន់កូរ៉េខាងត្បូង៕