ស្ថានភាពនៅក្នុងរដ្ឋ អាសាម(Assam) របស់ឥណ្ឌាកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីមនុស្ស ៨ នាក់ រួមទាំងកុមារ ៣ នាក់បានស្លាប់ ក្រោយលង់ទឹកក្នុងទឹកជំនន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ឆ្នាំនេះបានកើនឡើងដល់ ៦៦ នាក់។

របាយការណ៍ស្ដីពីទឹកជំនន់បាននិយាយថា កាលពីថ្ងៃអាទិត្យ មនុស្សពីរនាក់បានស្លាប់នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) និង ស្រុក ណាលបារី (Nalbari) និងម្នាក់នៅស្រុក កាចា(Cachar) ម្នាក់នៅស្រុក ហ្គូលប៉ារ៉ា (Goalpara) ម្នាក់នៅស្រុកដេម៉ាជី (Dhemaji)និងម្នាក់ទៀតនៅ ស្រុកស៊ីវ៉ាសាកា ( Sivasagar)។
ស្រុកមួយចំនួននៅក្នុងរដ្ឋនេះនៅតែមានស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ ។ មនុស្សជាង ២លាន២សែន ៧៤ម៉ឺននាក់នៅក្នុងស្រុកចំនួន២៨ នៅតែរងផលប៉ះពាល់ដោយសារទឹកជំនន់។

ជាសរុប ភូមិចំនួន៣.៤៤៦ នៅតែស្ថិតនៅក្រោមទឹកនៅឡើយ ហើយទឹកជំនន់បានជន់លិចផ្ទៃដីដំណាំជិត៧ម៉ឺន ហិកតា។
មនុស្សសរុបចំនួន ៧៥៤.៧៩១ នាក់ត្រូវបានរងផលប៉ះពាល់នៅក្នុងស្រុក ឌូប្រ៊ី (Dhubri) តែមួយ ខណៈប្រជាពលរដ្ឋរាប់លាននាក់ទៀតក្នុងស្រុកមួយចំនួនកំពុងរងគ្រោះខ្លាំង៕