ក្រុមបាតុករបារាំង បានប៉ះទង្គិចគ្នាជាមួយនគរបាលកុបកម្មនៅទីក្រុងប៉ារីស កាលពីល្ងាចថ្ងៃអាទិត្យ (៧ កក្កដា) បន្ទាប់ពីលទ្ធផលដែលបានព្យាករជាលើកដំបូងពីការបោះឆ្នោតសភាជុំទីពីររបស់ប្រទេសបារាំង ត្រូវបានប្រកាស ដែលក្នុងនោះសម្ព័ន្ធភាពឆ្វេងនិយម គណបក្សរណសិរ្សប្រជាប្រិយថ្មី (NFP) ឈរនៅលេខរៀងទី១ ដ៏ភ្ញាក់ផ្អើល នៅពីមុខក្រុមកណ្តាលនិយម ដែលស្ថិតក្នុងលេខរៀងទី២ និងក្រុមស្តាំនិយមជ្រុល ដែលទទួលបានលំដាប់ទី៣។

បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល ដោយគ្រវីទង់ជាតិបារាំង និងកាន់បដាដែលមានពាក្យសរសេរថា «រណសិរ្សប្រជាប្រិយថ្មីរបស់យើងគឺប្រឆាំងអាណានិគម និងប្រឆាំងការរើសអើងជាតិសាសន៍! តាមគ្រប់មធ្យោបាយចាំបាច់ ហើយអនុញ្ញាតឱ្យយើងបញ្ឈប់ការងើបឡើងនៃពួកហ្វាស៊ីសនិយម (ក្រុមផ្ដាច់ការ) មិនឱ្យកាន់អំណាច»។

ជាមួយនេះគ្នា ក្រុមអ្នកគាំទ្របក្ស NFP បានអបអរសាទរ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតសភាជុំទីពីរត្រូវបានប្រកាស ដោយផ្ដល់នូវជ័យជម្នះសម្រាប់សម្ព័ន្ធភាពឆ្វេងនិយម ដែលប្រមូលផ្តុំដោយក្រុមឆ្វេងនិយមប្រកាន់ជំហរតឹង (The hard left) ក្រុមសង្គមនិយម (The Socialists) និងក្រុមគណបក្សបៃតង (Greens)។

មេដឹកនាំបក្សបៃតងបារាំង លោកស្រី ម៉ារីន តុងដឺលែរ (Marine Tondelier) កាលពីថ្ងៃអាទិត្យ បានប្តេជ្ញាថានឹងនាំមកនូវ «ការផ្សះផ្សារ យុត្តិធម៌សង្គម និងបរិស្ថាន» នៅក្នុងប្រទេសបារាំង ហើយខណៈពេលដែលនាងអបអរជ័យជម្នះរបស់បក្ស NFP លោកស្រី តុងដឺលែរ ក៏បានព្រមានអំពីអ្វីដែលលោកស្រីនិយាយថា អាចជាយប់មួយដែលពោរពេញដោយអំពើហិង្សាពីពួកស្ដាំនិយមជ្រុល៕