ក្រុមអ្នកតវ៉ាអ៊ីស្រាអែលរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅលំនៅឋានឯកជនរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យរដ្ឋាភិបាល លាលែងពីតំណែង និងទាមទារឲ្យមានការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស នៅថ្ងៃប្រារព្ធខួប ៩ ខែ ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា។

ការតវ៉ាមួយផ្សេងទៀត ត្រូវបានធ្វើឡើងនៅលើផ្លូវធំក្នុងទីក្រុង Tel Aviv ដែលការតវ៉ាមានបំណងដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល ឱ្យឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស ដែលបាតុកម្មបានធ្វើឡើងនៅទូទាំងប្រទេស ដោយក្រុមបាតុករបានបិទផ្លូវ និងតវ៉ានៅតាមលំនៅឋានរបស់រដ្ឋមន្ត្រីរដ្ឋាភិបាល។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឱ្យដឹងថា ការតវ៉ាបានចាប់ផ្តើមនៅម៉ោង ៦:២៩នាទី ព្រឹក ដែលត្រូវនឹងម៉ោងនៃការវាយលុកកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមហាម៉ាស លើអ៊ីស្រាអែល។ កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមរយៈពេលប្រាំបួនខែ ទទួលបានសន្ទុះក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយក្រុមមន្ត្រី បានបង្ហាញសុទិដ្ឋិនិយម ប៉ុន្តែបាននិយាយថា គម្លាតនៅតែមានរវាងភាគីទាំងពីរ។