ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បានភៀសខ្លួនចេញកាលពីថ្ងៃអាទិត្យ ទី៧ កក្កដា ចេញពីទីកន្លែងដែលពួកគេស្នាក់នៅ បន្ទាប់ពីមានបទបញ្ជារបស់កងទ័ពអ៊ីស្រាអែល។

កងកម្លាំងអ៊ីស្រាអែល បានចេញបញ្ជាថ្មីដល់ពលរដ្ឋប៉ាឡេស្ទីន និងគ្រួសារដែលភៀសខ្លួន នៅតាមស្រុកជាច្រើននៃតំបន់ហ្កាហ្សា ឱ្យជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ វិធានការថ្មីនេះ បាននាំឱ្យមានការភៀសខ្លួនរបស់គ្រួសាររាប់សិបគ្រួសារ ដែលបានធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗទៀតនៅភាគខាងលិច និងភាគខាងត្បូងតំបន់ហ្កាហ្សា។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃអាទិត្យថា ពលរដ្ឋប៉ាឡេស្ទីន នៅប្លុកមួយចំនួន ក្នុងតំបន់ហ្កាហ្សា គួរតែចាកចេញទៅកាន់កន្លែងផ្សេងទៀត។ យោងតាមតួលេខរបស់អ៊ីស្រាអែលបានឲ្យដឹងថា ជម្លោះ ត្រូវបានបង្កឡើងកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមអ្នកប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស គ្រប់គ្រងនៅតំបន់ហ្កាហ្សា បានវាយលុកនៅភាគខាងត្បូងអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស១.២០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៥០នាក់។
យោងតាមមន្ត្រីសុខាភិបាលតំបន់ហ្កាហ្សា បានឱ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង ៣០.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់យោធាអ៊ីស្រាអែល ហើយតំបន់ហ៊ុមព័ទ្ធឆ្នេរ បានក្លាយទៅជាគំនរបាក់បែក។
អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា ពុំបានបែងចែករវាងអ្នកប្រយុទ្ធ និងអ្នកមិនប្រយុទ្ធនោះទេ ប៉ុន្តែក្រុមមន្ត្រីនិយាយថា អ្នកស្លាប់ភាគច្រើនក្នុងសង្គ្រាមគឺជាជនស៊ីវិល។
អ៊ីស្រាអែល បានបាត់បង់ទាហាន៣២៤នាក់ នៅក្នុងតំបន់ហ្កាហ្សា និងបាននិយាយថា យ៉ាងហោចណាស់មួយភាគបីនៃអ្នកស្លាប់ប៉ាឡេស្ទីន គឺជាអ្នកប្រយុទ្ធ។