យោងតាមសមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ ដែលត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA កាលពីថ្ងៃអាទិត្យ (០៧ កក្កដា) បានឱ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្គីអាន (Masoud Pezeshkian) គ្រោងនឹងចូលកាន់តំណែងនៅដើមខែសីហា ខាងមុខនេះ។ លោក ម៉ូចតាបា យូសេហ្វី (Mojtaba Yousefi) សមាជិកនៃគណៈប្រធានសភាអ៊ីរ៉ង់ បានគូសបញ្ជាក់ពីកាលវិភាគនៃស្ថាប័ននីតិប្បញ្ញត្តិសម្រាប់ការបញ្ជាក់លើសមាជិកគណៈរដ្ឋមន្ត្រីដែលបានស្នើឡើងដោយលោក ប៉េហ្សេស្គីអាន នៅក្នុងបទសម្ភាសន៍នោះ ។

លោកបានបញ្ជាក់ថា ពិធីឡើងកាន់តំណែងត្រូវបានគ្រោងធ្វើនៅថ្ងៃទី០៤ ឬទី០៥ ខែសីហា បន្ទាប់ពីនោះលោក ប៉េហ្សេស្គីអាន នឹងមានពេល ១៥ ថ្ងៃដើម្បីដាក់បញ្ជីរដ្ឋមន្ត្រីដែលបានស្នើឡើងរបស់លោកសម្រាប់ការអនុម័តពីសភា។ លោក យូសេហ្វី បានសង្កត់ធ្ងន់ថា នៅថ្ងៃទី២១ ខែកក្កដា សភានឹងបើកការពិភាក្សា និងបោះឆ្នោតលើការលាលែងពីតំណែងរបស់លោក ប៉េហ្សេស្គីអាន ពីមុខតំណែងបច្ចុប្បន្នជាតំណាងរាស្រ្តនៅទីក្រុងតេអេរ៉ង់។

លោក ប៉េហ្សេស្គីអាន ដែលជាអ្នកនយោបាយកែទម្រង់ និងជាអតីតរដ្ឋមន្ត្រីសុខាភិបាល ត្រូវបានប្រកាសជាប្រធានាធិបតីបន្ទាប់របស់អ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីជ័យជម្នះការបោះឆ្នោតជុំទី២ ប្រឆាំងនឹងមេដឹកនាំប្រកាន់ជំហរតឹង លោក សៃអ៊ីត ចាលីលី (Saeed Jalili) ដែលជាអតីតប្រធានក្រុមចរចាក្នុងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ជាមួយមហាអំណាចពិភពលោក។ លោក ប៉េហ្សេស្គីអាន ទទួលបានការគាំទ្រជាង ១៦ លានសំឡេង ធៀបនឹងចំនួនជាង ១៣ លានសំឡេងរបស់លោក ចាលីលី។
លោក ប៉េហ្សេស្គីអាន វ័យ ៦៩ ឆ្នាំគឺជាគ្រូពេទ្យវះកាត់បេះដូង ហើយបច្ចុប្បន្នជាតំណាងរាស្រ្តក្នុងសភារបស់ប្រទេស។ លោកគឺជាអនុប្រធានទីមួយរបស់សភាពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ និងជារដ្ឋមន្ត្រីសុខាភិបាលចន្លោះឆ្នាំ២០០១ និងឆ្នាំ២០០៥ ក្នុងរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីអ៊ីរ៉ង់ ម៉ូហាម៉ាដ ខាតាមី (Mohammad Khatami)៕