មន្រ្តីម្នាក់បាននិយាយនៅថ្ងៃចន្ទ (០៨ កក្កដា) នេះថា ប្រទេសហ្វីលីពីន និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមក (RAA) ដែលអនុញ្ញាតឱ្យពួកគេដាក់ពង្រាយកម្លាំងនៅលើដីរបស់គ្នាទៅមក ដែលជាជំហានដ៏សំខាន់ក្នុងទំនាក់ទំនងសន្តិសុខរបស់ភាគីទាំងពីរ ដោយសម្លឹងរកមើលការទប់ទល់ឥទ្ធិពលចិន ស្របពេលមានភាពតានតឹងកើនឡើងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ។

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅក្នុងពិធីមួយនៅទីក្រុងម៉ានីល ដោយមានការចូលរួមពីប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) នេះបើតាមលេខាធិការទំនាក់ទំនងប្រធានាធិបតីបាននិយាយនៅក្នុងសារមួយ។

កិច្ចព្រមព្រៀងនេះបង្កើតក្របខ័ណ្ឌមួយដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការយោធា ដូចជាធ្វើឱ្យការចូលក្នុងប្រទេសរបស់បុគ្គលិកបរទេស និងគ្រឿងយុទ្ធោបករណ៍កាន់តែងាយស្រួលសម្រាប់កងកម្លាំងបំពេញទស្សនកិច្ច។ ក្រុមមន្ត្រីនិយាយថា កិច្ចព្រមព្រៀង ដែលជាប្រភេទដំបូងដែលត្រូវបានចុះហត្ថលេខាដោយប្រទេសជប៉ុននៅអាស៊ីនេះ នឹងចូលជាធរមានបន្ទាប់ពីការផ្តល់សច្ចាប័នដោយសភានៃប្រទេសទាំងពីរ។

វត្តមានយោធាជប៉ុន នៅហ្វីលីពីន អាចជួយទីក្រុងម៉ានីល ទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅសមុទ្រចិនខាងត្បូង ជាទីដែលការទាមទារដែនសមុទ្រដ៏ធំទូលាយរបស់ទីក្រុងប៉េកាំង មានជម្លោះជាមួយប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។ ទាំងហ្វីលីពីន និងជប៉ុន ដែលជាសម្ព័ន្ធមិត្តអាស៊ីដ៏ជិតស្និទ្ធបំផុតរបស់អាមេរិក បានប្រកាន់ខ្ជាប់នូវជំហរដ៏រឹងមាំប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថាជាសកម្មភាពដ៏កម្រោលរបស់នាវាចិន ស្របពេលមានជម្លោះលើអធិបតេយ្យភាពដែនសមុទ្រ៕