អង្គភាពសេវាតាមដានអាកាសធាតុរបស់សហភាពអឺរ៉ុប បាននិយាយនៅថ្ងៃចន្ទ ទី៨ ខែកក្កដា នេះថា ខែមិថុនា ឆ្នាំ២០២៤ គឺជាខែដែលក្តៅជាងខែមិថុនានៃឆ្នាំផ្សេងទៀត នៅក្នុងកំណត់ត្រា ដែលបច្ចុប្បន្ននេះបានជំរុញសីតុណ្ហភាពពិភពលោកលើសពី១,៥អង្សាសេ ជាគោលដៅដែលបានកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

អង្គភាពសេវាបម្រែបម្រួលអាកាសធាតុ ខូភឺនីឃឺស(Copernicus) របស់សហភាពអឺរ៉ុប បានចេញការរកឃើញរបស់ពួកគេ ជាផ្នែកនៃព្រឹត្តិបត្រប្រចាំខែតាមស្តង់ដារ។
អ្នកវិទ្យាសាស្ត្រមួយចំនួនបាននិយាយថា ទិន្នន័យចុងក្រោយបានបង្ហាញថា ឆ្នាំ២០២៤ ទំនងជាលើសពីឆ្នាំ២០២៣ ជាឆ្នាំដែលក្តៅបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម បន្ទាប់ពីបម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស និងបាតុភូតអាកាសធាតុធម្មជាតិ អែលនីញ៉ូ(El Nino) ដែលកត្តាទាំងពីរបានជំរុញឱ្យសីតុណ្ហភាពហក់ឡើងខ្ពស់នៅក្នុងឆ្នាំនេះ។

ខែមិថុនា បាននាំមកនូវកម្ដៅខ្លាំងដល់តំបន់ជាច្រើននៅលើពិភពលោក មានចាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត ដល់ប្រទេសក្រិក។
អង្គភាពសេវាបម្រែបម្រួលអាកាសធាតុ ខូភឺនីឃឺស(Copernicus) និយាយថា ក្នុងរយៈពេល១២ខែ ដែលបានបញ្ចប់កាលពីខែមិថុនា សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកហក់ឡើងខ្ពស់បំផុត ក្នុងកម្រិតមួយ១,៦៥អង្សាសេ លើកម្រិតមធ្យមនៅក្នុងសម័យមុនឧស្សាហកម្មឆ្នាំ ១៨៥០-១៩០០។