ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញក្តីសង្ឃឹមថា មេដឹកនាំសម្ព័ន្ធយោធាណាតូ នឹងព្រមព្រៀងដើម្បីជំរុញជំនួយដល់ប្រទេសរបស់លោក ខណៈកងកម្លាំងរុស្ស៊ីកំពុងបង្កើនការវាយលុករបស់ខ្លួននៅភាគខាងកើតអ៊ុយក្រែន។

កិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នឹងបើកនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារស្អែកនេះ។
លោក Zelenskyy បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម ថា ដើម្បីការពារទីក្រុងនានា និងភូមិទាំងអស់របស់យើង និងដើម្បីយកឈ្នះពិតប្រាកដលើភេរវកររុស្ស៊ី យើងត្រូវការ ការសម្រេចចិត្តច្បាស់លាស់បន្ថែមទៀត។

ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ថា កងកម្លាំងរបស់ខ្លួនបានដណ្តើមកាន់កាប់ភូមិមួយនៅតំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែន។ ក្រសួងនិយាយថា កងកម្លាំងដណ្តើមបានទីតាំងយុទ្ធសាស្ត្ររបស់ពួកគេ ជាលទ្ធផលនៃប្រតិបត្តិការដ៍សកម្ម។
កងកម្លាំងអ៊ុយក្រែន បានប្រកាសថា ពួកគេបានបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់រុស្ស៊ីនៅលើសមរភូមិ Pokrovsk ក្នុងតំបន់ Donetsk។
ការយកចិត្តទុកដាក់ ត្រូវបានផ្តោតទៅលើថាតើជំនួយចំនួនប៉ុន្មាន ដែលមេដឹកនាំសម្ព័ន្ធយោធាណាតូ នឹងអាចផ្តល់ឲ្យ ខណៈលោក Zelenskyy បានបញ្ជាក់លើតម្រូវការសម្រាប់ការគាំទ្រក្នុងការទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ និងការពង្រឹងប្រព័ន្ធការពារដែនអាកាស។