ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសិតព្រះពុទ្ធបដិមាដើម្បីយកទៅតំកល់ទុកនៅវត្តសុវណ្ណភូមិ ប្រទេសបារាំង នាបរិវេណវត្តនាគវ័នរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤។
ពិធីបុណ្យសិតព្រះពុទ្ធបដិមានេះ និមន្តនិងអញ្ជើញចូលរួមដោយសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្រ្តយ៍លេខាធិការដ្ឋានគណៈសង្ឃនាយក, ព្រះមហាសិរីមុនី រឿន ប៊ុនហាយ ព្រះប្រធានសមាគមព្រះពុទ្ធសាសនាសាមគ្គីគ្មានព្រំដែន និងជាព្រះចៅអធិការវត្តសុវណ្ណភូមិប្រទេសបារាំង, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនាប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករ។
បន្ទាប់ពីប្រារព្ធ ពិធីបុណ្យសិតព្រះពុទ្ធបដិមា រួចព្រះពុទ្ធបដិមា និងត្រូវរៀបចំដង្ហែទៅតម្កល់ទុកនៅក្នុងវត្តសុវណ្ណភូមិ ប្រទេសបារាំង ដើម្បថែរក្សានូវអត្តសញ្ញាណជាតិ សម្រាប់បងប្អូនប្រជាពុទ្ធបរិស័ទដែលរស់នៅប្រទេសបារាំង និងសហគមន៍អ៊ឺរ៉ុបគោរពប្រតិបត្តិទៅតាមប្រពៃណីព្រះពុទ្ធសាសនា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា និងបន្តដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋកម្ពុជា ប្រមាណ៩៥%គោរពប្រតិបត្តិគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស។ ក្នុងន័យនេះព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្ត គំនិត សីលធម៌រស់នៅក្នុងសង្គម តាមរយះពុទ្ធឱវាទ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។
ជាក់ស្តែង ពិធីបុណ្យសិតព្រះពុទ្ធបដិមា ដើម្បីយកទៅតំកល់នៅវត្តសុវណ្ណភូមិ ប្រទេសបារាំង ដែលបានប្រារព្ធឡើងនៅក្នុងបរិវេណវត្តនាគវ័ន ជាបុណ្យដែលទទួលបានអនិសង្ឃដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជូននូវមនុញ្ញាផលបុណ្យទាំងឡាយ ដែលកើតចេញពីសទ្ធាជ្រះថ្លានេះ ជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនប្រជាពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទី ជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕ អត្ថបទ រដ្ឋា





