នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទ (០៨ កក្កដា) នេះ ដែលជាលើកទីមួយរបស់លោកចាប់តាំងពីទីក្រុងមូស្គូ បានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន ដែលជាសង្រ្គាមមួយដែលធ្វើឱ្យទំនាក់ទំនងរវាងសម្ព័ន្ធមិត្តមានភាពស្មុគស្មាញ និងបានរុញច្រានរុស្ស៊ី ឱ្យកាន់តែជិតស្និទ្ធជាមួយគូប្រជែងរបស់ឥណ្ឌា គឺប្រទេសចិន។

ដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី នឹងរួមបញ្ចូលការជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ដែលលោកបានជួបចុងក្រោយនៅរុស្ស៊ី ក្នុងឆ្នាំ២០១៩ នៅក្រុងកំពង់ផែចុងបូព៌ា វ្ល៉ាឌីវ៉ូស្តុក (Vladivostok)។ មេដឹកនាំទាំងពីរក៏បានជួបផ្ទាល់នៅខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសអ៊ូសបេគីស្ថាន ក្នុងកិច្ចប្រជុំកំពូលនៃប្លុកអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។

រុស្ស៊ី មានទំនាក់ទំនងរឹងមាំជាមួយឥណ្ឌា តាំងពីសង្គ្រាមត្រជាក់មក ហើយសារៈសំខាន់របស់ទីក្រុងញូវដែលី ក្នុងភាពជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ទីក្រុងមូស្គូ បានរីកចម្រើនចាប់តាំងពីវិមានក្រឹមឡាំង បានបញ្ជូនកងទ័ពចូលអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មក។ ក្រោមការដឹកនាំរបស់លោក ម៉ូឌី ឥណ្ឌាបានជៀសវាងការថ្កោលទោសសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការដោះស្រាយដោយសន្តិវិធី។
ភាពជាដៃគូរវាងទីក្រុងមូស្គូ និងទីក្រុងញូវដេលី កាន់តែមានភាពស្រពិចស្រពិល ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយគូប្រជែងសំខាន់របស់ឥណ្ឌា គឺចិន ដោយសារតែអរិភាពនៅអ៊ុយក្រែន៕
