រដ្ឋអាជ្ញា លោក សេសា អាដាលីត ស៊ីល បាហ្សាន(Cesar Adalid Siles Bazan) បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសបូលីវី កំពុងកាត់ទោសជនសង្ស័យចំនួន២៤នាក់ សម្រាប់ការជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេច កាលពីថ្ងៃទី២៦ ខែមិថុនា ដែលអាចជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ។

លោក Siles Bazan បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Bolivia Tvថា ការស៊ើបអង្កេតត្រូវបានពន្លឿនយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល១១ថ្ងៃមកនេះ បទចោទប្រកាន់ជាផ្លូវការចំនួន៦ ករណី ត្រូវបានកំណត់ ដែលការិយាល័យរដ្ឋអាជ្ញា បានបង្ហាញភស្តុតាងគ្រប់គ្រាន់នៃការទទួលខុសត្រូវព្រហ្មទណ្ឌលើមនុស្ស២៤នាក់។

លោកបាននិយាយថា ក្នុងចំណោមជនសង្ស័យទាំង២៤នាក់ ដែលត្រូវបានចោទប្រកាន់នេះ មាន៣នាក់ កំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ខណៈអ្នកនៅសល់ កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារប្រទេសបូលីវី។
ដោយកត់សម្គាល់ពីភាពធ្ងន់ធ្ងរនៃបទចោទប្រកាន់ព្រហ្មទណ្ឌនេះ រដ្ឋអាជ្ញានិយាយថា ការចោទប្រកាន់ពីបទភេរវកកម្មតែមួយ អាចកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ ដែលនៅពេលបូកបញ្ចូលរួមជាមួយបទព្រហ្មទណ្ឌផ្សេងៗទៀត អាចនាំឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ។ កាលពីថ្ងៃទី២៦ ខែមិថុនា ក្រុមយោធា ដឹកនាំដោយមេបញ្ជាការកងទ័ពដែលបច្ចុប្បន្នត្រូវបានបណ្តេញចេញ លោក ជូអាន ចូសេ ហ្ស៊ូនីហ្គា(Juan Jose Zuniga) បានប្រើប្រាស់រថក្រោះមួយគ្រឿងសម្រុកចូលទៅវិមានរដ្ឋាភិបាល ដែលមានទីតាំងនៅទីលាន Murillo ក្នុងទីក្រុង La Paz ។
ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទបះបោរប្រដាប់អាវុធ អំពើភេរវកម្ម ការគំរាមកំហែងដល់សន្តិសុខរបស់ប្រធានាធិបតី និងមន្ត្រីដទៃទៀត បំផ្លាញឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និងការប្រើប្រាស់សេវាកម្មសាធារណៈមិនត្រឹមត្រូវ។
អាជ្ញាធរ បានធ្វើការវាយឆ្មក់ចូលទៅក្នុងលំនៅឋាន បរិវេណយោធា និងការិយាល័យជាច្រើនកន្លែង ជាផ្នែកមួយនៃការស៊ើបអង្កេត។