នាយកដ្ឋានពន្លត់អគ្គិភ័យជាតិ បានរាយការណ៍ថា អគ្គិភ័យដែលបានកើតឡើងនៅក្នុងអគារលំនៅឋានថែទាំមនុស្សចាស់មួយកន្លែងក្នុងទីក្រុង ត្រេនតាត្រេស(Treinta y Tres) ប្រទេសអ៊ុយរ៉ាហ្គាយ កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមនុស្ស១០នាក់ ស្លាប់។

សេចក្តីថ្លែងការណ៍ផ្លូវការ បាននិយាយថា ជនរងគ្រោះរួមមានស្ត្រី៨នាក់ និងបុរស២នាក់។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង ៦:00នាទីព្រឹក ម៉ោងក្នុងស្រុក នៅក្នុងអគារលំនៅឋាន Adulto Mayor នៅក្នុងទីក្រុង។
ក្រុមអ្នកពន្លត់អគ្គិភ័យ និងអ្នកជំនាញ មកពីនាយកដ្ឋានស៊ើបអង្កេតឧបទ្ទវហេតុ នៅទីក្រុង Montevideo ត្រូវបានបញ្ជូនទៅដើម្បីជួយ និងស៊ើបអង្កេតពីមូលហេតុនៃការផ្ទុះឡើងអគ្គិភ័យនេះ។

ចាប់តាំងពីសប្តាហ៍មុន ប្រទេសអ៊ុយរ៉ាហ្គាយ បានជួបប្រទះរលកត្រជាក់ ដោយសីតុណ្ហភាពនៅពេលព្រឹកព្រលឹម ក្រោមសូន្យអង្សាសេ ហើយសីតុណ្ហភាពនៅពេលថ្ងៃ មិនលើសពី១០អង្សារសេនោះទេ។
ទីក្រុង ត្រេនតាត្រេស(Treinta y Tres) ជារដ្ឋធានី នៅភាគខាងកើតប្រទេសអ៊ុយរ៉ាហ្គាយ ជាទីក្រុងដែលមានប្រជាជនចំនួន ២៥.០០០នាក់ ស្ថិតនៅចម្ងាយ២៨៨គីឡូម៉ែត្រ ភាគឦសានទីក្រុង Montevideo ។