ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ូន សុកយ៉ុល (Yoon Suk Yeol) បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រថា លោកនឹងពិភាក្សាជាមួយបណ្ដាមេដឹកនាំណាតូ (NATO) អំពីការគំរាមកំហែងដោយឡែកពីគ្នា ដែលកូរ៉េខាងជើងបង្កឡើងចំពោះអឺរ៉ុប ដោយការធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី ដោយព្រមានថាទីក្រុងមូស្គូ ត្រូវតែធ្វើការជ្រើសរើសរវាងកូរ៉េទាំងពីរ ជាទីដែលផលប្រយោជន៍ពិតរបស់ខ្លួនស្ថិតនៅ។

លោក Yoon បាននិយាយថា នោះ «ពឹងផ្អែកទាំងស្រុង» លើរុស្ស៊ី ដែលថាខ្លួនចង់មានទំនាក់ទំនងនាពេលអនាគតជាមួយកូរ៉េខាងត្បូងឬទេ ដោយបន្ថែមថា ទីក្រុងសេអ៊ូល នឹងធ្វើការសម្រេចចិត្តលើការគាំទ្រអាវុធសម្រាប់អ៊ុយក្រែន ដោយផ្អែកលើមធ្យោបាយដែលកិច្ចព្រមព្រៀងយោធាថ្មីរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដំណើរការ។

លោក Yoon បានប្រាប់រ៉យទ័រថា «កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង បង្កការគំរាមកំហែងដោយឡែក និងបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ និងនៅអឺរ៉ុប»។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះសំណួររបស់រ៉យទ័រ នៅមុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលអង្គការណាតូ ដែលធ្វើឡើងនៅថ្ងៃទី០៩ ទី១០ និងទី១១ ខែកក្កដា។

លោក Yoon ដែលបានក្លាយជាមេដឹកនាំកូរ៉េខាងត្បូងដំបូងគេដែលចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងឆ្នាំ២០២២ បានចាកចេញនៅថ្ងៃចន្ទ (០៨ កក្កដា) នេះសម្រាប់កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន ដោយនោះជាលើកទីបីរបស់លោកដែលចូលរួមក្នុងកិច្ចប្រជុំបែបនេះ។ រុស្ស៊ី បានហៅកូរ៉េខាងត្បូង ថាជា «ប្រទេសគួរឱ្យរាប់អានបំផុត» ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានថា កូរ៉េខាងត្បូងនឹងធ្វើ «កំហុសដ៏ឆ្គងធំ» ប្រសិនបើខ្លួនសម្រេចចិត្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន៕